ខេត្តស្វាយរៀង៖ ក្រុមអ្នករត់ការឯកសារទំនិញបង់ពន្ធនាំចូលនិងទំនិញវិនិយោគនាំចូលជាច្រើននាក់បានទម្លាយពីសកម្មភាពអំ ពើ ពុករលួយដ៏ធ្ងន់ធ្ងរប្រព្រឹត្តដោយសមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ពួកគាត់បានលើកឡើងថា ប្រសិនបើ ថ្នាក់លើស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយមិនមានវិធានការកែទម្រង់ ឬលុបបំបាត់ទេនោះមិនត្រឹមតែអ្នកវិនិយោគទុននិងអ្នករកស៊ីបង់ពន្ធរិះគន់ ប៉ុណ្ណោះទេ អំពើពុករលួយជាទម្លាប់ដ៏ អាក្រក់មួយនេះបាននិងកំពុងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់មកលើសាមីស្ថាប័នរបស់សមត្ថកិច្ចដែលមានភារកិច្ច តួនាទីចុះបំពេញ ការងារតាមអនុក្រឹត្យនៅច្រកអន្តរជាតិ មួយនេះមិនខាន ។
ពួកគាត់បានបញ្ជាក់យ៉ាងលម្អិតប្រាប់អ្នកយកព័ត៌មាននគរវត្តថា រាល់ទំនិញនាំ ចូលបង់ពន្ធត្រឹមត្រូវដូចជាប្រភេទខ្សែកាប្លិ៍ សំបកកំប៉ុង ភេសជ្ជៈគ្រប់ប្រភេទ ខ្សែភ្លើង ឡាំតាំ (ទំនិញចម្រុះ)។ល។ ក៏ប្រឈម ទៅនឹងការចំណាយប្រាក់សម្រាប់បង់របៀប ពុករលួយ ក្រោមតុ ក្នុងមួយទូកុងតឺន័រ ឬ មួយរថយន្តត្រូវបង់អស់១២០ទៅ១៣០ ដុល្លារសម្រាប់សមត្ថកិច្ចគ្រប់ស្ថាប័ន ។
ក្នុងនោះការបង់លុយរួមមាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកយកសេវា១ទូ ឬ១រថយន្ត១០ដុល្លារ, ស្នាក់ការកណ្តាល របស់ខេត្តប្រចាំច្រក១ទូឬ១រថយន្តយក សេវា២-៣ដុល្លារ, នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ១ទូ៣ដុល្លារ ។
បញ្ហានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃក៏ត្រូវបានក្រុមអ្នករត់ការរិះគន់ថា ស្ថាប័ន មួយនេះមិនមានតួនាទីនៅក្នុងអនុក្រឹត្យ មកឈរជើងនៅច្រកអន្តរជាតិបាវិតនេះ ទេ ចុះហេតុអ្វីក៏ឆ្លៀតមករាប់ក្បាលរថយន្ត ដឹកទំនិញយកប្រាក់ទៅវិញ?
ពួកគាត់បន្តថា បើតាមការឲ្យដឹងពី សមត្ថកិច្ចខ្លះនិយាយថានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃត្រូវ បានអគ្គស្នងការនគរបាលជាតិឲ្យត្រឡប់មកកាន់ក្រសួងទាំងអស់ពីតាមបណ្តាខេត្ត តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧មកម៉្លេះ ហើយលោកឧត្តមសេនីយ ឆាយ គឹមខឿន នាយសេនាធិការអគ្គស្នងការនគរបាល ជាតិក៏ធ្លាប់មានប្រសាសន៍កន្លងទៅយ៉ាងដូច្នេះផងដែរថា សូមជម្រាបជូនដល់អស់ លោកស្នងការរាជធានី-ខេត្ត មេត្តាជ្រាបថា តាមបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិសូមឲ្យអស់លោករាយ ការណ៍មកភ្លាមថា តើកម្លាំងរបស់នគរ បាលសេដ្ឋកិច្ចក្រសួងទាំងអស់ដែលបានចុះតាមបណ្តាខេត្តបានដកមកវិញអស់ឬនៅ? លោកបន្តថា បើសិនជាមិនបានដកទេ ត្រូវហៅមកព្រមាននិងចាប់បង្ខំឲ្យដកបើ មិនព្រមដកប្រើប្រាស់កម្លាំងបទបញ្ជា របស់ខេត្តនាំខ្លួនមកស្នងការដ្ឋាន ។
ផ្ទុយទៅវិញ ហេតុអ្វីក៏មានវត្តមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងចាំ រាប់ក្បាលរថយន្តដឹកទំនិញនៅច្រកអន្តរជាតិបាវិត? អ្នករត់ការត្រូវបង់លុយទៅ ខាងអាស៊ីកូដា ផ្នែកបញ្ចូលទិន្នន័យ១ឯក សារ២៥ទៅ៣០ដុល្លារ ប៉ុន្តែការបង់ប្រាក់ នេះអាចជាលក្ខណៈស្របច្បាប់ (បង់ពន្ធ ជូនរដ្ឋ), ខាងកាំកុងត្រូលក៏មានវប្បធម៌ យកលុយដូចគ្នាដោយរាប់ក្បាលរថយន្ត ១គ្រឿងតម្លៃ៥ទៅ១០ដុល្លារ ក្នុងនោះគេក៏ បង្កើតសេវាបញ្ចុះតម្លៃផងដែរ ។ ប្រសិន បើឯកសារ១ទូយកសេវា២៥មុឺនរៀលបើ១ឯកសារមានចំនួន៣ទូគេគុណនឹង១៥ ម៉ឺនរៀល តែបើ១ឯកសារមាន៥ទូខាង កាំកុងត្រូលគិតតម្លៃសេវា១ទូដំបូង២៥ ម៉ឺនរៀល ហើយទូ៤ទៀតត្រូវគុណនឹង១៥ ម៉ឺនរៀល, បង់ឲ្យទៅខាងPPF១ទូ១៥ ដុល្លារទាំងបង្កាន់ដៃបង់ពន្ធទំនិញនាំចូល ក៏ដូចទំនិញវិនិយោគនាំចូល,មន្រ្តីកាំកុង ត្រូលផ្នែកត្រួតពិនិត្យ១ទូ៥ដុល្លារ ។
ក្រុមអ្នករត់ការបានបង្ហើបទៀតថា ក្រៅ ពីសេវាក្រោមតុសម្រាប់សមត្ថកិច្ចគ្រប់ ស្ថាប័ននៅច្រកអន្តរជាតិបាវិតដូចបញ្ជាក់ខាងលើនោះហើយពួកគាត់ក៏ត្រូវបង់ទៅ ខាងគយចល័តមានចំនួន៣-៤កន្លែងលើ កំណាត់ផ្លូវជាតិលេខ១បន្ថែមទៀតឈរ ជើងក្នុងភូមិសាស្រ្តខេត្តស្វាយរៀង, ព្រៃ វែង និងខេត្តកណ្តាលក្នុង១កន្លែងៗយក ១ទូតម្លៃ២០-៣០ដុល្លារ (សេវាឲ្យបង់តាម ទំនើងចិត្តពួកគេទារលើបបូរមាត់) ។
ក្រុមអ្នករត់ការបានសំណូមពរឲ្យខាងថ្នាក់លើពាក់ព័ន្ធមេត្តាពិនិត្យលើបញ្ហាទាំង អស់នេះ ព្រោះជាកម្មវត្ថុធំធេងណាស់ដែល ធ្វើឲ្យរដ្ឋបាត់ចំណូលពន្ធ ហើយសេដ្ឋកិច្ច មួយចំនួនធ្លាក់ទៅលើមន្រ្តីពុករលួយក្នុងនោះក៏បានប៉ះពាល់យ៉ាងធ្ងន់ដល់ស្ថាប័នសាមីអង្គភាពនីមួយៗ ។
ពាក់ព័ន្ធករណីនេះនគរវត្តមិនអាចទាក់ទងបានទេ ទៅកាន់សមត្ថកិច្ចគ្រប់ស្រាប័នប្រចាំច្រកអន្តរជាតិបាវិតនារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខ ទូរស័ព្ទ។ ប៉ុន្តែក្រុមអ្នករត់ការបានរំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងអាចចុះអង្កេតស្រាវជ្រាវក្នុងរឿងមិនប្រក្រតីខាងលើនេះ ៕ ល័ក្ស្មុី