ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តី្កទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំយកថវិការាជរដ្ឋាភិបាលប្រគល់ដល់កីឡាការិនី សៅ ធីតា ម្ចាស់មេដាយប្រាក់ពីការ ប្រកួតកីឡាប៉ារ៉ាឡាំពិកជើងឯកពិភពលោករដូវរងានៅសាធារណរដ្ឋកូរ៉េ ។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹង ថា កីឡាការិនីជនពិការ សៅ ធីតា រួមជាមួយ គ្រូបង្វឹកនិងគ្រូជំនួយបានទៅចូលរួមការ ប្រកួតកីឡាប៉ារ៉ាឡាំពិកជើងឯកពិពភលោករដូវរងាដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៩ដល់ថ្ងៃទី២១ ខែមករាឆ្នាំ២០១៧នៅសាធារណរដ្ឋកូរ៉េ ។ លោកបានឲ្យដឹងថា ការប្រកួតនេះកម្ពុជាបានបញ្ជូនកីឡាករជនពិការ អ៊ូ គង់ និងកីឡាការិនីសៅ ធីតា គ្រូបង្វឹកយី សុភក្ត្រា និងគ្រូជំនួយសុខ លាភ លើវិញ្ញា សាជិះស្គីរទេះទឹកកកចម្ងាយ៦១០ម៉ែត្រ។ ជាលទ្ធផលកីឡាការិនី សៅ ធីតា ដណ្តើមបានមេដាយប្រាក់១គ្រឿងក្រោយចាញ់ កីឡាការិនីថៃ ដោយទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីរាជរដ្ឋាភិបាលចំនួន៨០លានរៀលគ្រូបង្វឹកទទួលបាន៨០លានរៀលនិងគ្រូជំនួយទទួលបាន៥៦លានរៀលតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសនោះដែរលោកឧបនាយក រដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តី្កទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជាសម្តេចសូមចូលរួមអបអរសាទរ ចំពោះកីឡាការិនីជនពិការ សៅ ធីតា ដែលដណ្តើមបានមេដាយប្រាក់ពីការប្រកួត កីឡាប៉ារ៉ាឡាំពិកជើងឯកពិភពលោករដូវ រងានៅសាធារណរដ្ឋកូរ៉េ ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កីឡាមិនត្រឹមតែបានជួយលើកស្ទួយកិត្យានុភាពប្រទេសប៉ុណ្ណោះទេ កាលពីសម័យ សង្គមរាស្រ្តនិយមកីឡាគឺជាជម្រើសទី១សម្រាប់ធ្វើកងទ័ពការពារប្រទេសជាតិព្រោះអ្នកលេងកីឡាសុទ្ធតែបានឆ្លងកាត់ការលត់ដំហ្វឹកហ្វឺន ដូច្នេះអ្នកលេងកីឡាមានកាយសម្បទារឹងមាំខុសពីមនុស្សធម្មតា ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជំរុញឲ្យកីឡាករកីឡាការិនីជនពិការកម្ពុជាត្រូវបន្តហ្វឹកហាត់បន្ថែមទៀតសម្រាប់ចូលរួមក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដើម្បីនាំយកមេដាយមកជូនជាតិ ។
ក្នុងឱកាសនោះដែរលោកឧបនាយក រដ្ឋមន្ត្រីបានលើកឡើងថាការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ប្រសិនបើយើងអាច រកប្រភេទកីឡាប្រពៃណីជាតិដូចជាការ ប្រណាំងទូក “ង” នោះកម្ពុជាអាចមាន លទ្ធភាពដណ្តើមយកមេដាយបានច្រើន។
គួររំលឹកថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាធ្លាប់បានដឹកនាំអត្តពលិក ទៅចូលរួមព្រឹត្តិការណ៍អន្តរជាតិចំនួន៣ កម្រិតដូចជាកម្រិតពិភពលោកអាស៊ីនិងអាស៊ីអាគ្នេយ៍ ៕ សារីម