ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋបានរឹះគន់អាជ្ញាធរស្រុកស្ទោងថា អសមត្ថភាពក្នុងការហាមឃាត់បុគ្គលមួយចំនួន ដែលតែងតែតាំងខ្លួនជាអ្នកធំ គ្មាននរណាខ្លាចនរណាទេ ព្រោះបុណ្យស័ក្តិធំៗទាំងអស់ ដោយសារហេតុនេះហើយ ទើបសំណង់ឯកជនមួយចំនួន ដែលកំពុងតែយកដីចំណីស្ទឹងស្ទោង ឬ ដីចំណីផ្លូវជាដើម សាងសង់រំលោភយកដីធ្វើជាកម្មសិទ្ធិ ហើយអាជ្ញាឆ្លើយថា មិនដឹង មិនឃើញ តែធាតុពិតដឹងហើយ ឃើញហើយ មិនហ៊ានធ្វើអ្វីគេ។
កត្តារទាំងនេះហើយ ទើបមានការសាងសង់សំណង់ទាំងនេះបានយ៉ាង រលូន ធ្វើឲ្យប្រជាពលរដ្នដាក់ការ សង្ស័យថា ប្រហែលជាអាជ្ញាមានការត្រូវរ៉ូវគ្នាជាមួយនឹងសមត្ថកិច្ចជំនាញ ទើបសំណង់ឯកជននេះអាចសាងសង់បាន។
ជាក់ស្ដែងសំណង់ដែលកំពុងសាងសង់ជាបណ្តើរៗ ក្បែរស្ពានស្ទោងប្រមាណ៦ ម៉ែត្រ ពុំត្រូវបានមន្រ្ដីជំនាញ ឬអាជ្ញាធរមានការចាប់អារម្មណ៍ ធ្វើមិនឃើញ មិនដឹងទៅវិញ ចំណុចទាំងនេះបានធ្វើឲ្យប្រជាប្រិយភាពស្រុកស្ទោងមានការថយចុះ ដោយសារបញ្ហាតូចតាចប៉ុណ្ណឹង អសមត្ថភាពពុំអាចចាត់ការឲ្យម៉ឺងម៉ាតចំពោះបុគ្គលទាំងនេះ ទុកបណ្ដោយឲ្យអ្នកមានអំណាច មានស័ក្តិបានដៃ គ្មានខ្លាចចំណាត់ការរបស់អាជ្ញាធរ។
សំណង់អាណាធិបតេយ្យ រំលោភយកដីចំណីស្ទឹង ត្រូវបានប្រភពព័ត៌មាន ខ្សឹបប្រាប់ថា ជារបស់ ឈ្មោះ អៀត អេងស៊ូ ភេទប្រុស រស់នៅឃុំចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយការសាងសង់នេះ គឺមានការត្រូវ រ៉ូវគ្នាជាមួយនឹងលោកធំៗ ក្នុងស្រុក ដោយសាងសង់មិនខ្វល់ពីផលប៉ះពាល់ដល់សោភ័ណភាពស្ទឹង និងពុំមានការហាមឃាត់ ដោយសារតែមានការបើកដៃពីសុរិយោដីស្រុក ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឲ្យដឹងថា កន្លងមកនេះ លោកពុំបានដឹងទាល់តែសោះ តែចំពោះការសាងសង់នេះ គឺពុំមានច្បាប់អនុញ្ញាតនោះឡើយ តែបើសិនជាសុំច្បាប់ ក៏គេមិនឲ្យដែរ ព្រោះវាជាដីស្ទឹង តែការសាងសង់នេះ គឺប្រជាពលរដ្ឋ គាត់ឃើញតាមៗគ្នា ក៏ធ្វើតាមគ្នា ប៉ុន្តែលោកនឹងឲ្យគេទៅមើលទីតាំងសាងសង់ ។
មហាជននាំគ្នាអស់សំណើច និងហួសចិត្តចំពោះការឆ្លើយបំភ្លឺរបស់លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងថា មិនដែលដឹងទោះផ្ទះលោកជាប់គល់ស្ពាន និងជិះរថយន្ដឆ្លងកាត់ទៅមកៗរាល់ថ្ងៃក៏ដោយ៕ ប៉ុនរិទ្ធី