ខេត្តព្រះវិហារ ៖ រថយន្តយីឌុបភ្លៅ៥ផ្ទុកទៅដោយឈើខុសច្បាប់របស់មេឈ្មួញ ល្បី នៅក្នុងក្រុងព្រះវិហារឈ្មោះ ស៊ីម លាង សាន និងឈ្មោះ រស្មី ត្រូវបានកម្លាំងសមត្ថ កិច្ចចម្រុះបើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពី កម្លាំងបានចំណាយពេលជាង៥ម៉ោងក្នុងការឡោមព័ទ្ធទីតាំងខាងលើនេះ ។
ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោក អឿន វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ព្រះវិហារ និងលោក ឆិញ សេង នាយផ្នែក រដ្ឋបាលព្រៃឈើត្បែងមានជ័យ និងមាន ការសម្របសម្រួលពីលោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
លោកមេបញ្ជាការ អឿន វណ្ណៈបានឲ្យ ដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិឡឥដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលមានមេឈ្មួញឈ្មោះ ស៊ីម លាងសាន ជាមន្ត្រីកិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្ត និងមេឈ្មួញម្នាក់ទៀត ឈ្មោះ ឈុំ រស្មី នាយការិយាល័យមន្ទីរអធិការកិច្ចខេត្ត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ។
លោកបន្តថា ការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះ គឺយោងតាម បទបញ្ជាលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដាក់ផែនការចុះបង្ក្រាប ខណៈក្រុមឈ្មួញកំពុងធ្វើសកម្ម ភាពលើកឈើដាក់លើរថយន្តទាំងកណ្តាលថ្ងៃក្នុងក្រុងព្រះវិហារ ។
ក្នុងនោះកម្លាំងបានចំណាយពេលជាង៥ម៉ោងចាប់ពីម៉ោង៨និង៣០នាទីព្រឹក រហូតដល់ម៉ោង១២ថ្ងៃ ត្រង់ ក្នុងការព័ទ្ធ ទីតាំងខាងលើ ។ ជាលទ្ធផលកម្លាំងបាន រឹបអូសយករថយន្តនិងឈើទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យវាស់វែងចាត់ការទៅតាមនីតិវិធី ៕ វណ្ណះ