ខេត្តមណ្ឌលគិរី៖ មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី គ្រោងបង្កើតក្រុមការងារ រង់ចាំដោះស្រាយបញ្ហារវាងមនុស្សជាមួយនឹងសត្វដំរី បន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់ដោយសារការវាយប្រហារពីសំណាក់សត្វដំរី នៅក្នុងខេត្តមួយនេះជាបន្តបន្ទាប់ និងផ្ទះសម្បែងពលរដ្ឋផង ។
លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ថា គម្រោងនៃការបង្កើតក្រុមការងាររង់ចាំដោះស្រាយបញ្ហារវាងមនុស្សជាមួយសត្វដំរី ក៏មានការឯកភាពពីថ្នាក់ដឹកនាំក្រសួងបរិស្ថានរួចរាល់ហើយដែរ បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ មានមនុស្សម្នាក់ទៀតបានស្លាប់ពីការវាយប្រហាររបស់សត្វដំរីព្រៃ។ បច្ចុប្បន្នមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិងកំពុងស្វែងរកថវិកាទ្រទ្រង់គម្រោងមួយនេះតាមរយៈការ រកដៃគូសហការជាមួយអង្គភាពពាក់ព័ន្ធ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ មានដំរីព្រៃមួយហ្វូងបានចេញមកវាយប្រហារបុរស២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់គ្រាដែលពួកគេកំពុងដើរដកផ្សិតនៅក្នុងព្រៃជ្រៅ ស្ថិតនៅក្រុមចុងរ៉ាងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង និងពេលកន្លងទៅ ក៏មានករណីដំរីជាន់ មនុស្សស្លាប់ដែរ ។ មិនតែប៉ុណ្ណោះផ្ទះ សម្បែងប្រជាពលរដ្ឋត្រូវសត្វដំរីវាយ ប្រហារផង ៕ សហការី