ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុករបងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់បានបាត់បង់ ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូបោះពួយរេចង្កូតធ្លាក់ផ្លូវទៅបុករបងផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង កាលពីវេលាម៉ោង២០ និង៣០ នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះឈ្មោះ ប៉ាច ប៉ុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN-3276 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២១អា ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន និងមិនមានពាក់មួកការពារសុវត្ថិភាពនោះទេ ។ លុះជិះដល់ចំណុចកើតហេតុទំនងជាជនរងគ្រោះបាត់បង់ម្ចាស់ការ បណ្តាលឲ្យរេចង្កូតទៅចិញ្ចើមផ្លូវជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។

ក្រោយពីមានហេតុការណ៍កើតឡើងសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖