ភ្នំពេញ៖ ពិធីការិនីស្រល់សោភាប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ណាក់ ស្រីណា នឹងត្រូវប៉ះគ្នាជាលើកដំបូងជាមួយនឹងតារាសម្តែងស្រស់សង្ហារ ហង្ស សម្បើមស័ក្ត ជាលើកដំបូងនៅក្នុងភាពយន្តភាគថ្មីមួយគឺរឿង មរតកចុកឈាម ដែលខ្ទង់ចំណាយអាចឡើងដល់ប្រមាណ១០ម៉ឺនដុល្លារអាមេរិកនោះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ខែមិថុនានេះក្នុងពិធីក្រុងពាលី រឿង “មរតកចុកឈាម” នៅគេហដ្ឋានលោក អ៊ិន សុភិន ចាងហ្វាយផលិតកម្មមហាហង្ស ស្ថិតនៅភ្នំពេញថ្មី។
តារាសម្តែង និងពិធីការិនីកញ្ញា ណាក់ ស្រីណា លើកឡើងថា រឿងថ្មីនេះមានអារម្មណ៍ប្លែកជាងរឿងមុនៗ ព្រោះកន្លងម កនាងនិង ហង្ស សម្បើមស័ក្ត មិនធ្លាប់សម្ដែងខ្សែភាពយន្តជាមួយគ្នា ទោះបីជាស្គាល់រាប់អានគ្នាជាច្រើនឆ្នាំទៅហើយក្តី។ ក្នុងរឿង “មរតកចុកឈាម” នេះនា ងសម្តែងជាតួស្រីដែលមានអតចរិកស្លូត សុភាពរាបសារ និងកម្សត់ខ្លាំង។
លោក អ៊ិន សុភិន បានបញ្ជាក់ថា ខ្សែភាពយន្តភាគរឿង “មរតកចុកឈាម”ជាប្រភេទខ្សែភាពយន្តមនោសញ្ចេតនាសោកសង្រេង ស៊ីជម្រៅព្រាត់ប្រាស់ឈ្នានីសគ្មានទីបញ្ចប់ មាន៤៥ ភាគ គ្រោងថតរយៈពេល៤ ខែ ដោយចាយដើមទុន១០ម៉ឺនដុល្លារក្នុងការផលិតរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លោកថា រឿងនេះក្រោយពីថតបាន៣ខែ យើងចាប់ផ្ដើមដាក់បញ្ចាំងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បណ្ដើរ ចំណែកឯទីតាំងថតវិញ គឺភ្នំពេញ និងខេត្តជាប់រាជធានីភ្នំពេញ។
ក្រៅពីតារាសម្តែងខាងលើនេះរឿង” មរតកចុកឈាម” ចូលរួមសម្ដែងដោយ លោក ហង្ស សម្បើមស័ក្ត ណាក់ស្រីណា ហម ឈរ៉ា សឿន ផាន់ផាភួង ដានី អារីយ៉ា លឹម រដ្ឋា និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕ វឌ្ឍនា