ខេត្តកណ្តាលៈ បុរសជាកសិករម្នាក់ជិះម៉ូតូបុកគ្នាជាមួយលោក អ៊ុំ សោភ័ណ នាយរងប៉ុស្តិ៍ប៉ាក់ណាម បណ្តាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា លោក អ៊ុំ សោភ័ណ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជានាយរងប៉ុស្តិ៍ប៉ាក់ណាម មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាក លេខភ្នំពេញ1AP-3637 ។ ចំណែកឯភាគីម្ខាងឈ្មោះ ញាន គង់ ភេទប្រុស អាយុ៤៥ឆ្នាំ (រងរបួសធ្ងន់)ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ជិះម៉ូតូម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញលោក អ៊ុំ សោភ័ណ ជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីព្រែកជ្រៃឆ្ពោះទៅរាជធានីភ្នំ ពេញ។ លុះជិះដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូម៉ាកស៊ីធីដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យភាគីទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកោះធំធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ