ភ្នំពេញៈ ស្រ្តីជាកម្មករសំណង់ម្នាក់ ខណៈកំពុងធ្វើការក្នុងការដ្ឋានសំណង់សុខៗបានដើរជាន់ខ្សែភ្លើង បណ្ដាលឲ្យឆក់សន្លប់មិនដឹងខ្លួន បង្កការភ្ញាក់ផ្អើលដល់កម្មករផ្សេងទៀតហៅរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋាន ភី អេស គ្រីស្តាល់ ខុនដូរមីនៀម សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ក្រុមកម្មករសំណង់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ ស្រីញ៉ាញ់ ភេទស្រី អាយុ២៤ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋាន ភី អេស គ្រីស្តាល់ ខុនដូរមីនៀម ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ក្រុមកម្មករបានឲ្យដឹងទៀតថា មុនពេលកើតហេតុស្រ្តីរងគ្រោះបានធ្វើការក្នុងការដ្ឋានសាងសង់ខុនដូខាងលើ ហើយដើរទៅយកសម្ភារៈសំណង់មិនប្រយ័ត្ន ក៏ទៅជាន់តំណខ្សែភ្លើងដែលគេរាយសម្រាប់ប្រើប្រាស់ក្នុងកិច្ចការសំណង់បណ្ដាលឲ្យឆក់ដួលសន្លប់នៅកន្លែងកើតហេតុតែម្តង។ ភ្លាមនោះដែរក្រុមកម្មករបានស្ទុះទៅបិទបារ៉ែតភ្លើងរួចនាំគ្នា សែងជនរងគ្រោះយកទៅសង្រ្គោះបឋមកប់ដីខ្សាច់ហើយបានទូរស័ព្ទហៅ រថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបន្ទាន់ ៕ ប្រាថ្នា