ភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា៖ « អបអរសាទរ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៧
នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧ ព្រឹកនេះ ដែលមានការរត់ប្រណាំងភ្នំពេញពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នាថ្ងៃទី១៨ ខែមិថុនា និងដើម្បីចូលរួមផ្សព្វផ្សាយពីបរិស្ថាន ស្អាត ទីក្រុងស្អាត និងបៃតង ដល់ប្រជាពលរដ្ឋទៀតផង។ កម្មវិធីនេះគឺរៀបចំដោយ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC)។
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិដ៏អធិកអធម្មនេះ គឺមានការចូលរួមយ៉ាងច្រើនកុះករពី ប្រជាពលរដ្ឋ យុវជន និងទេសចរបរទេសប្រមាណជា ៥,០០០ នាក់ នៅមុខព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ យើងសង្ឃឹមថា នឹងមានការបរិច្ចាគថវិកាពីសប្បុរសជនផងដែរ» ។
សម្តេចតេជោបញ្ជាក់ទៀតថា «ចំពោះថវិកាទទួលបាន ពីការចុះឈ្មោះ បន្ទាប់ពីចំណាយលើការរៀបចំរួចរាល់ហើយ គណៈកម្មការនឹង បរិច្ចាគជូនដល់មន្ទីរ ពេទ្យគន្ធបុប្ផាផងដែរ។
កម្មវិធីបែបនេះដែលអាចធ្វើបាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព!
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមអោយបានកុះករ និង សូមមានសុវត្ថិភាពក្នុងការរត់ Marathon នៅព្រឹកនេះទាំងអស់គ្នា!» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ