ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយថ្នាំញៀនម៉ាទឹកកក៨កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកច្ចនគរបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុងចុះស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឈានដល់ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំ​ហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៨កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង ដើម្បីកសាងសំណុំ​រឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្សារកំពង់កុង ស្ថិតក្នុងភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួននោះ​ទី១-ឈ្មោះ ស្រ៊ឺ ប៉ូឡូញ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ទី២-ឈ្មោះ លាង ពៅ ហៅលាម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅតុការ មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះជាមុខសញ្ញាដែលសមត្ថកិច្ចនគរបាលកំណត់ និងតាមដាន ។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបាន​ព័ត៌មានថា ជនសង្ស័យទាំង២នាក់នេះមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ដើម្បីធ្វើសកម្ម​ភាពជួញដូរ ។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមក សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុងចុះធ្វើការស្រាវជ្រាវ​រហូតឈានដល់ធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង២នាក់បានជាបន្តបន្ទាប់ ដកហូតវត្ថុតាង​ពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ លាង ពៅ ហៅលាម បានសារភាពថា នៅមុខពេលចាប់ខ្លួន រូបគេបានទិញថ្នាំញៀនចំនួន៣កញ្ចប់ពីជនសង្ស័យឈ្មោះ ស្រ៊ឺ បូឡូញ ដើម្បីយកទៅធ្វើសកម្មភាពជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់ ខណៈកំពុងដើរត្រឡប់មកវិញក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ ដោយឡែកជនសង្ស័យឈ្មោះ ស្រ៊ឺ បូឡូញ បានសារភាពថា នៅមុនពេលចាប់ខ្លួនរូបគេបានទិញថ្នាំញៀនចំនួន​៨កញ្ចប់ពីមេក្លោងមិនស្គាល់ឈ្មោះ បន្ទាប់ពីបានគ្រឿងញៀន៨កញ្ចប់រួចមក ខ្លួនបានលក់គ្រឿងញៀនចំនួន៣កញ្ចប់ទៅឲ្យជនសង្ស័យឈ្មោះ លាង ពៅ ហៅលាម ។ លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែមានសមត្ថកិច្ច​ចុះមកចាប់ខ្លួនរូបគេដល់លំនៅឋានតែម្តង ៕ ស្អាងជ័យ


ចែករំលែក៖