ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សសង្ស័យសរសៃប្រសាទលួចម៉ូតូរឺម៉កចេញពីផ្សាវាលយន្តជិះរ៉េពេញផ្លូវដល់ពាក់កណ្ដាលបុកម៉ូតូមួយគ្រឿង រងរបួសធ្ងន់ស្ត្រី២នាក់

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយហួសចិត្ត និងកម្រកើតមានឡើង ខណៈដែលបុរសម្នាក់ ដែលសង្ស័យជាមនុស្សសរសៃប្រសាទ បានលួចយកម៉ូតូរ៉ឺម៉កមួយគ្រឿងដឹកបន្លែ ដែលឈប់ចតនៅក្បែរផ្សារវាលយន្ត ជិះចេញរេពេញផ្លូវ និងប៉ះឆត្រធ្លាក់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នាំគ្នាដេញតាមរហូតមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែទៅបុកនឹងម៉ូតូដែលបើកបញ្ច្រាស ជិះគ្នា២នាក់ ពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយបែកក្បាល ដៃជើងហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ១១៣ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានស្ត្រីចំណាស់២នាក់ មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១I៩១៩៦ ដោយធ្វើដំណើរពីកើតមកលិច ខណៈនោះ ស្រាប់តែមានបុរសម្នាក់ម្នាក់ជិះម៉ូតូរ៉ឺម៉កដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខ គ៥៥៩៣ ភ្នំពេញ១ ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតបោកក្បាលនឹងថ្នល់ហូរឈាមជោកសន្លប់នឹងកន្លែង ចំណែកអ្នកបើកម៉ូតូរ៉ឺម៉ករងរបួសបែកចិញ្ចើមស្រាល។

ក្រោយមក អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះ និងហៅសមត្ថកិច្ច ព្រមទាំងរថយន្តសាមុយមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ និងវាស់វែងយកវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។

ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺបុរសដែលសង្ស័យសរសៃប្រសាទ ក្រោយពីបុកគេអោយរងរបួសហើយ ស្រាប់តែក្រោកពីលើផ្លូវទាញបារីជក់ដើរធ្វើដូចជាគ្មានរឿងកើតឡើង ៕ យឹម សុថាន

 


ចែករំលែក៖