ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់នៅសល់តែគ្រោងឆ្អឹង គ្របដណ្តប់ដោយសំលៀកបំពាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ នៅក្នុងព្រៃបន្លាយួនមួយកន្លែង ស្ថិតនៅត្រង់ចំណុចព្រែកពពាំង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ខណៈដែលម្ចាស់ចំការចុះទៅកាប់ព្រៃពន្លិចទឹក កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅលើគ្រោងឆ្អឹងសាកសព មានខោគគីពណ៌ស និង ពាក់អាវដៃវែង ។ ក្រោយពីធ្វើការពិនិត្យសាសព សមត្ថកិច្ចស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលគេស្គាល់ថា ជាអ្នករត់ម៉ូតូឌុប មានឈ្មោះ សូ សំអាត អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូម៉ាកC125សេរីឆ្នាំ២០១៣ ។
សមត្ថកិច្ចបានឲ្យដឹងថា ពីក្រុមគ្រួសារបានមកពិនិត្យអំពីភិនភាគជនរងគ្រោះ បញ្ជាក់ថា ពិតជាឪពុក របស់ខ្លួនពិតប្រាកដមែន ចំណាំទៅលើអាវ និង ខោ និង មានខ្សែអំបោះពណ៌ក្រហម ។
ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះបានបាត់ពីផ្ទះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧មកម្ល៉េះ ម្ចាស់ចំការបានឲ្យដឹងថា នៅថ្ងៃ១៩ មិថុនា រូបគាត់បានដឹកគោយន្តមកកាប់ព្រៃ បន្លាយួន នៅក្នុងចំការ ក្នុងពេលដែលកំពុងតែកាប់នោះ ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកសព ហើយបានរាយការណ៍ទៅអាជ្ញាធរ និង សមត្ថកិច្ច និងធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យគ្រោងឆ្អឹងសាកសពរួចសមត្ថកិច្ច បានធ្វើការសន្និដ្ឋាជាបឋមថា ករណីនេះ ជាករណីប្លន់សម្លាប់ជនរងគ្រោះយកម៉ូតូ ៕ ចន្ថា