ក្តីសង្ឃឹមបញ្ចប់វិបត្តិ នៅប្រទេសឈូង សមុទ្រ ពេលនេះកំពុងតែបាត់បង់ពន្លឺ នៃ ការផ្សះផ្សា ក្រោយពេលប្រទេសជាច្រើនបានកាត់ផ្តាច់ទំនាក់ទំនងការទូតនិង សេដ្ឋ កិច្ច ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺប្រទេសបារ៉ែន ក្រោយផ្តាច់ទំនាក់ ទំនង ក៏បានសម្រេចបណ្តេញទាហាន កាតារចេញពីប្រទេសរបស់ខ្លួនផងដែរ។នៅពេលនេះបារ៉ែន បានប្រកាសទុកពេល ២ថ្ងៃ ឲ្យកងទ័ពកាតារ ដែលចូលរួមក្នុងកងទ័ពសម្ពន្ធមិត្តរបស់អាមេរិក ចាកចេញពី ទឹកដីបារ៉ែន។
ការបណ្តេញចេញកងទ័ពកាតារ ចេញ ពីទឹកដីបារ៉ែន គឺជាវិធានការបន្ថែម ថ្មីមួយ ទៀត ដែលរដ្ឋាភិបាលបារ៉ែនប្រើសម្រាប់ប្រឆាំងដាក់សម្ពាធលើប្រទេសកាតារ នៅបន្ទាប់ពីបារ៉ែន អេមីរ៉ា អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីបជាដើមបាន កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកាតារដែលគេចោទថា បានគាំទ្រក្រុមអ៊ិស្លាម ជ្រុលនិយម ដែលជាប្រភពនៃអស្ថិរភាពក្នុងតំបន់ ហើយនិងមានទំនាក់ទំនងជា មួយប្រទេសអុីរ៉ង់។
គេមិនដឹងថា តើមានទាហានកាតារ ប៉ុន្មាននាក់ដែលចូលរួមនៅក្នុងប្រតិបត្តិការទ័ព សម្ពន្ធអន្តរជាតិឡើយ។ កងកម្លាំង សម្ព័ន្ធអន្តរជាតិ NAVCENTដឹកនាំដោយ អាមេរិកមាន ទិសដៅ ធ្វើប្រតិបត្តិការនៅតំបន់ដើមបូព៌ា និងអាស៊ី។ ទាហានកាតារបានចូលរួមនៅក្នុងកងទ័ពសម្ពន្ធមិត្ត តាំង ពីឆ្នាំ ២០១៤ នៅក្នុងក្របខ័ណ្ឌប្រយុទ្ធ ប្រឆាំងនឹងក្រុមភេរវនិយម។ ប៉ុន្តែ ជាញឹក ញយ ដើម្បីវាយប្រហារទៅលើក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរី អ៊ីរ៉ាក់ និងនៅអាហ្វហ្គានីស្ថាន អាមេរិកឧស្សាហ៍ប្រើ យន្តហោះ ចម្បាំង ចេញពីមូលដ្ឋានទ័ព ដ៏ធំរបស់ខ្លួន នៅក្នុងទឹកដីកាតា។
តាមប្រភពមិនបញ្ចេញឈ្មោះ ដែលបានផ្តល់ព័ត៌មានដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យទី១៨ ខែមិថុនា ទាហានកាតារដែលរដ្ឋាភិបាលបារ៉ែនបណ្តេញចេញ ក្នុងរយៈពេល ៤៨ម៉ោងខាងមុខ គឺជាទាហានដែលកំពុងចូលរួមនៅក្នុងកងកម្លាំងអន្តរជាតិ NAVCENT ដែលស្ថិតនៅ ក្រោមបញ្ជាការអាមេរិក និងមានទីស្នាក់ការកណ្តាលនៅប្រទេសបារ៉ែន។
នៅក្នុងបទសម្ភាសន៍ជាមួយវេបសាយព័ត៌មានរុស្ស៊ី នៅក្នុងសប្តាហ៍នេះ ឯកអគ្គ រាជទូតបារ៉ែន ប្រចាំក្រុងមូស្គូបានអះអាង ថា បារ៉ែនមានភស្តុតាងដែលបង្ហាញថា កាតារគាំទ្រ ផ្តល់ជំនួយថវិកាដល់ក្រុម អ៊ិស្លាមជ្រុលនិយម ក្រុមភេរវកម្ម។ នេះជា ហេតុផលដែលធ្វើឲ្យបារ៉ែន និងប្រទេសនៅឈូងសមុទ្រពែក្សផ្សេងទៀត កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកាតារ។ មួយវិញទៀត ភាពតានតឹងរវាងកាតារ នឹងប៉ា រែនរឹតតែកើនឡើងខ្លាំង បន្ទាប់ពីបារ៉ែនចោទប្រកាន់កាតារថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប៉ារ៉ែន។ ការចោទប្រកាន់នេះកាតារបានប្រឆាំង បដិសេធ ដាច់អហង្ការ៕ ម៉ែវ សាធី