ព័ត៌មានទាន់ហេតុការណ៍៖

សួន រ៉ានីរ៉ាស៊ីនី សារភាពថាមានអារម្មណ៍វិជ្ជមានជាមួយ ភិន សុដាលីស

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងទំនាក់ទំនស្នេហារវាងតារាកូនកាត់ខ្មែរ រុស្សី លោក សួន រ៉ានីរ៉ាស៊ីនី និង ភិន សុដាលីស ត្រូវបាន គេទម្លាយកាលពីពេលថ្មីៗនេះ។ តារាប្រុសរូបសង្ហារូបនេះ ក៏សារភាពដែរថាពិតជាមានអារម្មណ៍ល្អ និងអាណិតភិន សុដាលីស ខ្លាំងក្រោយពីនាងជួបរឿងរ៉ាវជីវិតលំបាកកន្លងមក។

ក្រោយបែកស្នេហ៍ប៉ែន ចំរ៉ុង ភិន សុដាលីសបានវិលទៅជួបជុំគ្រួសារ និងទទួលបានការងារជាច្រើនបូករួមទាំងការសម្តែងឡើងវិញផងដែរ។ ក្រៅពីវិលជួបគ្រួសារនាងក៏ត្រូវបានគេលើកឡើងថា បានភ្ជាប់ទំនាក់ទំនងជិតដិតជាមួយ តារាប្រុស សួន រ៉នីរ៉ាស៊ីនី។ ទោះជាងយ៉ាងណាស្គាល់គ្នាជាងមួយឆ្នាំ សួន រ៉ានីរ៉ាស៊ីនី បញ្ជាក់ថាទំនាក់ទំនងពេលនេះគឺត្រឹមជាមិត្តភ័ក្កិជិតដិត និងយល់ចិត្តម្នាក់ប៉ុណ្ណោះមិនអាចនិយាយបានថាជារឿងស្នេហានៅឡើយទេ។ លោកថា លោក និងនាងបានស្គាល់គ្នាច្រើនតាមរយៈការងារ ហើយលោកក៏ស្រលាញ់រាប់អានក្រុមគ្រួសារនាងផងដែរ។ ទោះជាយ៉ាងណាតារាសម្តែងវ័យ២៤ឆ្នាំរូបនេះទទួលស្គាល់ថា មានអារម្មណ៍ល្អចំពោះនាងច្រើន ហើយក៏អាណិតនាងខ្លាំងដែរ ហើយសម្រាប់រឿងឈានដល់ចំណុចស្នេហាឬយ៉ាងណាលោកនៅមិនទាន់អាចនិយាយបាននៅឡើយថា ថ្ងៃក្រោយទៅជាយ៉ាងណានោះ។ ក្រៅពីការបង្ហាញអារម្មណ៍វិជ្ជមានជាមួយអ្នកមេម៉ាយកូនមួយនេះលោកក៏ថ្លែងការពារភិន សុដាលីសដែរថា សូមកុំឲ្យមហាជនយល់ថានាងជាស្រីមិនល្អ និងស្នើបញ្ចប់ការរិះគន់នាងទៅ គឺនាងគួរតែទទួលបានការលើកទឹកចិត្តច្រើនជាងការរិះគន់។ ឆ្លើយទៅនឹងសំណួរដែលលើកឡើងថា លោកប្រកាន់ទេប្រសិនបើបានគូស្នេហ៍ជានារីមេម៉ាយកូនមួយ លោកឆ្លើយថា អ្នកណាក៏មានអតីតកាលរបស់ខ្លួនដែរ ហើយថ្ងៃក្រោយទៅជាយ៉ាងណាលោកក៏មិនដឹងដែរ។

សួន រ៉ានីរ៉ាស៊ីនី គឺជាតារាសម្តែងកូនកាត់ខ្មែរ រុស្សីដែលមានម្តាយជាជនជាតិរុស្សីនិងឪពុកជាជនជាតិខ្មែរហើយបច្ចុប្បន្នលោកនិងក្រុមគ្រួសារកំពុងរស់នៅកម្ពុជា។លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល។កន្លងមកលោកធ្លាប់បានសម្តែងក្នុងភាពយន្តរឿង ”ផ្ទះសរសរកណ្តាល” របស់ផលិតកម្ម Red Pictureឈុតផ្សព្វផ្សាយពាណិជ្ជកម្មនិងបទចម្រៀងមួយចំនួនទៀត។ងាកមក ភិន សុដាលីសវិញនាងស្នើមិនបញ្ជាក់អំពីទំនាក់ទំនងនេះលម្អិតទេនាងគ្រាន់តែលើកឡើងថាត្រឹមជាមិត្តិភិក្កិប៉ុណ្ណោះ។ ទោះជាទំនាក់ទំនងស្នេហ៍មិនទាន់លាតត្រដាងខ្លាំងក៏គ្រានេះគេដឹងដែរថា ពួកគេកំពុងស្វែងយល់ចិត្តគ្នាបន្ថែម។ ស្របដែលឪពុករបស់ភិន សុដាលីស គឺលោក អ៊ិន សុភិន ក៏ហាក់បើកភ្លើងខៀវសម្រាប់ស្នេហាមួយនេះដែរ។ ថ្មីៗនេះតារាសម្តែងកូនកាត់ខ្មែរ-រុស្សីសួន រ៉ានីរ៉ាស៊ីនី ក៏ទទួលបានតំណែងជាតួឯកក្នុងភាពយន្តរឿង ”ណូលីណូឡា” របស់ផលិតកម្មមហាហង្សកាលពីពេលថ្មីៗនេះ ហើយ តារារូបនេះក៏ឧស្សាហ៍អបដំណើរលោកអ៊ិន សុភិន ចូលរួមកម្មវិធីរបស់អ្នកសិល្បៈផងដែឬ៕ វឌ្ឍនា


ចែករំលែក៖