ព័ត៌មានទាន់ហេតុការណ៍៖

រវល់អង្គុយលក់ទុរេនភ្លេចខ្លួន ចោរលួចដោះរ៉ឺម៉កយកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញៈ ម៉ូតូស៊ុយហ្ស៊ុយគីស្មាស់សណ្តោងរ៉ឺម៉កមួយគ្រឿងត្រូវបានចោរលួចដោះចេញពីរ៉ឺម៉កយកទៅបាត់ខណៈម្ចាស់ចតទុកចោលដោយរវល់អង្គុយលក់ទុរេនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារស៊ិនជូរី ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឃ្លោក ប៊ុនណា ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកម៉ូតូ ដែលជនសង្ស័យលួចយកទៅម៉ាក ស៊ុយហ្ស៊ុយគីស្មាស់ សេរី២០០៦ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1N-1209 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់បើករ៉ឺម៉កម៉ូតូយកទៅ ចតចោល នៅខាងក្រោយផ្សារស៊ិនជូរី។ ក្រោយពីរើផ្លែទុរេនយកទៅដាក់លក់បានមួយសន្ទុះភ្លេចខ្លួនមួយភ្លែត ស្រាប់តែជនសង្ស័យមិនដឹងមានគ្នាប៉ុន្មាននាក់បានលួចដោះរ៉ឺម៉កចេញពីម៉ូតូរួចយកម៉ូតូទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមកាន់កាតគ្រីម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យតែប៉ុណ្ណោះ៕ ប្រាថ្នា


ចែករំលែក៖