ម្ចាស់ទីតាំងបញ្ជាក់ថា សិប្បកម្មរបស់គាត់មិនបានប្រើប្រាស់អាស៊ីតដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះឡើយ
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់គ្រួសារមានទីលំនៅក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ បាននាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរសង្កាត់រហូតដល់ខណ្ឌដើម្បី ឲ្យរកដំណោះស្រាយជូនពួកគាត់ដោយចោទទៅលើទីតាំងសិប្បកម្មដេញមាស ប្រាក់ពីសំណល់មាសនិងប្រាក់ថា ប៉ះពាល់ដល់សុខភាពកូនចៅរបស់ពួកគាត់រួមទាំងពួកគាត់ផ្ទាល់ដោយលើកហេតុផលថា ទីតាំងខាងលើបានចម្រាញ់ដោយប្រើ អាស៊ីតជះក្លិនប៉ះពាល់ដល់ពួកគាត់ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមក ពួកគាត់បានប្តឹងទៅអាជ្ញាធរសង្កាត់ ហើយ អាជ្ញាធរបានហៅចូលដោះស្រាយបាន ២លើករវាងម្ចាស់សិប្បកម្មនឹងប្រជាពល រដ្ឋ តែមិនត្រូវរ៉ូវគ្នារួចក៏បន្តដាក់លិខិតទៅអាជ្ញាធរខណ្ឌដើម្បីឲ្យរកដំណោះស្រាយ។
ផ្ទុយទៅវិញម្ចាស់សិប្បកម្មលោក ឡោះ រ៉ះសេត បានប្រាប់អ្នកយកព័ត៌មាន នគរវត្តថា ប្រជាពលរដ្ឋមួយចំនួនតូចដែលបាននាំគ្នាផ្តិតមេដៃប្តឹងទីតាំងរបស់គាត់នោះវាមិនត្រឹមត្រូវនោះឡើយ ហើយលោក បានបញ្ជាក់ថា ទីតាំងសិប្បកម្មរបស់គាត់បានគោរពទៅតាមច្បាប់មានលិខិតចេញពីមន្ទីរឧស្សាហកម្មនិងសិប្បកម្មរាជធានី ភ្នំពេញ និងច្បាប់ផ្សេងៗទៀត ។
លោកបានបញ្ជាក់ថា ការដុតចម្រាញ់នេះមិនមែនប្រើអាស៊ីតដូចការលើកឡើង របស់ប្រជាពលរដ្ឋឡើយគឺគាត់ដុតដោយប្រើធ្យូង ហើយចំហាយផ្សែងទាំងនោះមិនបានជះភាយទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ និងគ្មានក្លិនអ្វីប៉ះពាល់ឡើយ គឺរៀបចំអាងស្តុកពេលដែលផ្សែងហុយ ចេញគឺចូលទៅក្នុងទីតាំងស្តុកដ៏ធំដែលមានទឹកត្រជាក់រួចបំប្លែងចូលទៅបំពង់ផ្សេង ដែលមានទឹកក្តៅ ហើយចម្រាញ់ឲ្យវា រលាយអស់ ។
លោកបានបន្តទៀតថា សិប្បកម្មកែច្នៃ កម្ទេចមាស ប្រាក់នេះគាត់បានរៀបចំប្រព័ន្ធ និងបំពង់ត្រឹមត្រូវដោយមានទាំងមន្ត្រីជំនាញ ចុះមកពិនិត្យ តែប្រជាពលរដ្ឋមួយចំនួន មិនចង់ឲ្យគាត់ធ្វើអាជីវកម្មដោយគោល បំណងរបស់ពួកគាត់ចង់ឲ្យទីតាំងនេះ រលាយតែម្តង ។
លោក ឡោះ រ៉ះសេត បានបញ្ជាក់ទៀត ថា ពលរដ្ឋមួយចំនួនតូចដែលប្តឹងធ្លាប់បានយកដុំថ្មចោលលើដំបូលផ្ទះរបស់គាត់ ហើយ ថែមទាំងគំរាមដល់ក្រុមគ្រួសារគាត់ទៀតផងប្រសិនបើនៅតែធ្វើអាជីវកម្ម។ គាត់ ឆ្ងល់ណាស់តើទីតាំងរបស់គាត់ខុសអ្វីខ្លះ ទើបបានជាប្រជាពលរដ្ឋមួយចំនួនតូចដែល នៅជិតនោះបែរជាមិនចង់ឲ្យគាត់ប្រកប អាជីវកម្មដោយធ្វើឲ្យកម្មករមួយចំនួនខ្លះ អត់បាយក៏មានដែរ?
លោកបានបន្តទៀតថា កម្ទេចកម្ទីដែលប្រមូលយកមកដុតក្នុងក្រឡតូចៗនេះមិនមែនប្រើអាស៊ីតដូចការលើកឡើងរបស់ ប្រជាពលរដ្ឋនោះទេ ហើយទីតាំងដុតគាត់ បានរៀបចំត្រឹមត្រូវមានលក្ខណៈស្តងដារ៕ អរុណរះ