ព័ត៌មានទាន់ហេតុការណ៍៖

ម៉ា ដូណា ឲ្យភ្ញៀវជាង៤០០នាក់ស្លៀកខ្មៅចូលរួមខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងចម្រៀងនិយមលេងតួភេទទីបី លោក ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា ត្រៀមរៀបចំពិធីខួបកំណើតរបស់ខ្លួន នៅថ្ងៃទី២៦ ខែមិថុនា ក្រោមវត្តមានភ្ញៀវប្រមាណជាង៤០០នាក់។ តារារូបនេះ បានប្រកាសអញ្ជើញ និងស្នើឲ្យភ្ញៀវចូលរួមស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ ដើម្បីចូលរួមពិធីនេះ។

លោក ម៉ា ដូណា បញ្ជាក់ថា លោកនឹងរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំរបស់ខ្លួនជាលើកដំបូង នៅថ្ងៃទី២៦ ខែមិថុនា ក្នុងភោជនីយដ្ឋាន Happy Family ខាងមុខមហោស្រពកោះពេជ្រ។ លោកថា ភ្ញៀវដែលអញ្ជើញត្រូវបានលោកស្នើឲ្យស្លៀកសំលៀកបំពាក់ពណ៌ខ្មៅសុទ្ធ ។ លោកថា ការជ្រើសរើសពណ៌ខ្មៅសម្រាប់ពិធីខួបកំណើត ព្រោះតែលោកយល់ថា បច្ចុប្បន្នមានការពេញនិយមចំពោះពណ៌មួយនេះ ហើយសម្រាប់បុរសនារី ដែលមានរាងធំធាត់ អាចងាយស្រួលក្នុងការស្លៀកពាក់ ព្រោះតែពណ៌នេះជួយលើករាងអ្នករូបរាងធាត់បាន។ លោកបន្តថា អ្នកខ្លះគិតថាពណ៌នេះមិនល្អ ប៉ុន្តែលោកយល់ថា ជាពណ៌ដែលងាយស្រួលដល់សិល្បករ និងភ្ញៀវដែលចូលរួមងាយស្រួលក្នុងការស្វែងរកយកមកស្លៀកពាក់ផងដែរ។ លោករំពឹងដែរថា នឹងមានភ្ញៀវច្រើនករចូលរួមពិធីខួបកំណើតនេះ។

តារាសម្តែងរូបនេះបន្តថា កម្មវិធីខួបទ្រង់ទ្រាយធំលើកដំបូងប្រចាំជីវិតនេះ លោកថា ត្រៀមចំណាយប្រមាណជាង៧ពាន់ដុល្លារអាមេរិក។ លោករំពឹងដែរថា នឹងមានភ្ញៀវចូលរួមច្រើនកុះករ និងសង្ឃឹមដែរថានឹងមិនមានភ្លៀងធ្លាក់ធ្វើឲ្យរំខានពិធីនេះទេ៕ វឌ្ឍនា


ចែករំលែក៖