ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបមិត្តភាពអន្តរជាតិ U17 កម្ពុជាប៉ះជាមួយ U17វៀតណាមថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ ជំនួបប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំនឹងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៧ឆ្នាំដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៧នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង៦និង៣០នាទីល្ងាច ដើម្បីដកស្រង់បទ ពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមទាំងពីរក្នុងការត្រៀមចូលរួមប្រកួតដណ្តើមពាន រង្វាន់យុវជនប្រចាំតំបន់អាស៊ាន (AFF U18 Championship 2017)នៅប្រទេស មីយ៉ាន់ម៉ា ។

ក្រុមជម្រើសជាតិវៀតណាមក្រោម អាយុ១៧ឆ្នាំ (U17) បានធ្វើដំណើរមក ដល់រាជធានីភ្នំពេញតាំងតែពីថ្ងៃទី១៩មកម្លេ៉ះដើម្បីហ្វឹកហាត់ត្រៀមប្រកួតជាមួយ ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជាក្រោម អាយុ១៧ឆ្នាំ (U17)នៅថ្ងៃនេះ។ ការប្រកួតនេះក៏ដើម្បីរំលឹកខួបទំនាក់ទំនងការទូតទី៥០ឆ្នាំរបស់ប្រទេសទាំងពីរផងដែរ។

ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori បានហ្វឹកហាត់គ្រប់គ្រាន់ដើម្បីយកឈ្នះក្នុងការប្រកួតមិត្តភាពមួយនេះ។ លោក Inoue Kazunori បច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ, ១៨ឆ្នាំ និង ១៩ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទីខេត្តតាកែវ ។

ចំណែកគ្រូបង្វឹកក្រុម U17 របស់វៀតណាមដែលជាក្រុមធ្លាប់ទទួលបានជោគជ័យច្រើននៅក្នុងតំបន់អាស៊ានពោលគឺលោកធ្លាប់ដឹកនាំឈ្នះជើងឯក AFF U-16 Youth Championship ចំនួន២លើកគឺនៅឆ្នាំ ២០០៦និងឆ្នាំ២០១០ ហើយនៅឆ្នាំ ២០០៧ធ្លាប់ឈ្នះបានលេខ៣ និង ឆ្នាំ ២០១៦ កន្លងទៅជាក្រុមជើងឯករងក្រោយចាញ់ក្រុមអូស្ត្រាលីនៅវគ្គផ្ដាច់ព្រ័ត្រ ។

ក្រៅពីហ្វឹកហាត់ និងប្រកួតមិត្តភាព អន្តរជាតិនៅក្នុងប្រទេសក្រុមជម្រើសជាតិយុវជនកម្ពុជា U17 គ្រោងចេញទៅហ្វឹកហាត់នៅហុងកុងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា មុនចេញទៅមីយ៉ាន់ម៉ា និងបន្តចេញទៅហ្វឹកហាត់នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី២ ដល់៩ ខែតុលាមុន ត្រឡប់មកកម្ពុជាវិញ ។

បញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំចំនួន២៦រូបដែលត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមក្រោមអាយុ១៧ឆ្នាំមានដូចខាងក្រោមនេះ ៖

១-សៀង ចន្ធា, ២-សាន គឹមហេង, ៣-សេត ម៉ាន់ស៊ូត, ៤-ឈឿង វិសុិនុ, ៥-ត្រាយ វិចិត្រ, ៦-ផុន តៃនិញ, ៧-ពៅ ចាន់ថេត, ៨-ទូច គឹមឆាយ, ៩-ផាច សុជាវិទ្យា, ១០- ថា ច័ន្ទរិទ្ធី, ១១-ទុន សុំឆៃ, ១២-ឡុង ម៉េងហាវ, ១៣-សៀន សុភត្រ្តា, ១៤-យី សាហ្វុី, ១៥-ទៀត គឹមហេង, ១៦-ហេង ទីណា, ១៧-ហ៊ុល គឹមហ៊ុយ, ១៨-ផន អយ, ១៩-លន ថេន, ២០-សុិន កក្កដា, ២១-ម៉ៅ ពិសិដ្ឋ, ២២-ស្វែង សំណាង, ២៣-យ៉េត ចិត្រា, ២៤-សុខ បញ្ញា, ២៥-ណា ព្រំដែន និង២៦-ឃឿង ម៉េងហ៊ូ ។

សូមបញ្ជាក់ថា សម្រាប់ក្រុមយុវជនរបស់កម្ពុជាកំពុងត្រៀមខ្លួនទៅចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន (AFF U18 Championship 2017) ចាប់ពីថ្ងៃទី៤ ដល់១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសមីយ៉ាន់ម៉ា។ ពានរង្វាន់នេះមានក្រុមចំនួន១២ចូលរួម បូកទាំងក្រុមញូវហ្សេឡែនដែលបានអនុញ្ញាតឲ្យចូលរួម។ កម្ពុជាស្ថិតក្នុងពូលA ជាមួយក្រុមថៃ ម៉ាឡេស៊ី ទីម័រខាងកើត ឡាវ និងសិង្ហបុរី ខណៈពូល A មានក្រុមមីយ៉ាន់ម៉ា វៀតណាម ញូវហេ្សឡែន ឥណ្ឌូណេស៊ី ហ្វុីលីពីន និង ប្រ៊ុយណេ។ ក្រុមនេះនឹងចូលរួមប្រកួតពាន រង្វាន់ជើងឯកប្រចាំទ្វីបអាស៊ីដោយស្ថិតនៅក្នុងពូល G នៃពានរង្វាន់ AFC U19 Championship 2019 ជាមួយ ក្រុមចិន, មីយ៉ាន់ម៉ា និងហ្វុីលីពីន ខណៈ កម្ពុជាក៏ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែវិច្ឆិកា។ វគ្គជម្រុះតាមពូលនេះមានក្រុមចូលរួមចំនួន៤៣ដែលជា សមាជិក របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដោយបែងចែកទៅជា១០ពូល ហើយក្រុម ដែលឈរលេខ១តាម ពូលនីមួយៗមានឈ្មោះឡើងទៅលេងចែកពូលចុងក្រោយ អមជាមួយក្រុមចំណាត់ថ្នាក់ លេខ២ដែលល្អជាងគេចំនួន៥ផ្សេងទៀតផងដែរ ៕ សារីម


ចែករំលែក៖