ភ្នំពេញ៖ ប្រុសស្រី២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជែងគេឯងមិនបានប្រុងប្រយត្ន័ ក៏ជ្រុលទៅបុកគួទរថយន្តដឹកស្រាបៀរ លី អូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកនារីដែលរួមដំណើរជាមួយរងរបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចខាងមុខមន្ទីរសម្រាកព្យាបាល សុខាលាភ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រពភពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងបិតតែមស្រាបៀរលីអូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2V-2751 បើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1N-8515 ជិះដោយបុរសម្នាក់ និងឌុបស្ត្រីម្នាក់ ទិសដៅស្រប់គ្នាជាមួយរថយន្តក្នុងល្បឿនយ៉ាងលឿន ហើយបានជែងគេឯងមិនបានប្រុងប្រយត្ន័ ក៏ជ្រុលទៅបុកគួទរថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសដែលជាអ្នកឌុបរងរបួសបាក់ជើងខាងស្ដាំ និងនារីម្នាក់ដែលរួមដំណើរជាមួយរងរបួសស្រាល ភ្លាមៗបុរសរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យហុងហាក់ដឹកយកទៅព្យាបាល ដោយឡែករថយន្ត និងម៉ូតូបានរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ក្រោយពេលកើតសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌមានជ័យរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ