ភ្នំពេញ ៖ បុរសជនជាតិចិនដែលរងរបួសក្នុងហេតុការណ៍ចាក់សាំងដុតពីរនាក់ប្តីប្រពន្ធនៅក្នុងបន្ទប់ជួលកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នោះ បានស្លាប់ហើយកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា នៅឯមន្ទីរកាល់ម៉ែត ព្រោះតែស្ថានភាពធ្ងន់ធ្ងរពេកគ្រូពេទ្យសង្គ្រោះលែងបាន ។ ដោយឡែកស្ត្រីជាប្រពន្ធខ្មែររបស់ជនជាតិចិនរូបនេះដែលរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុជាមួយគ្នា កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយ ខណៈមានរបួសធ្ងន់ដូចប្តីក៏នៅមិនទាន់ដឹងលទ្ធផលយ៉ាងណាដែរ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនដែលស្លាប់ខាងលើ មានឈ្មោះម៉ាយ សាវហ្វ័ន ហៅ ឡរ៉ែនអាយុ៥១ឆ្នាំ ជនជាតិចិនហុងកុង និងជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅស្រុកខ្មែរ ។ រីឯប្រពន្ធខ្មែរឈ្មោះស៊ឹម សំណាង អាយុ២៧ឆ្នាំ ជាមេផ្ទះ ។ប្តីប្រពន្ធខាងលើ គឺមានទំនាក់ទំនងស្នេហានឹងគ្នារយៈពេល៣ឆ្នាំមកហើយ ដោយបាននាំគ្នាមកជួលផ្ទះកើតហេតុស្នាក់នៅ ហើយ ការទំនាក់ទំនងរួមរស់រវាងអ្នកទាំង២ គឺមិនចុះសម្រុងគ្នាទេ តែងតែឈ្លោះគ្នាផ្អើលគេផ្អើលឯង ស្ទើររាល់ថ្ងៃ ។នៅថ្ងៃកើតហេតុវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បុរសជាប្តីបាន សុំបែកគ្នាជាមួយនារីជាប្រពន្ធខ្មែរ ស្រាប់តែនៅវេលាកើតហេតុ ឃើញស្ត្រីជាប្រពន្ធខឹងបានទិញសាំងមួយដបមកផ្ទះជួលជាន់ទី៤ហើយ មួយសន្ទុះក៏កើតភ្លើងឆេះបន្ទប់ឆេះទាំងទាំងប្តី និងប្រពន្ធតែម្តង ដែលករណីនេះសង្ស័យកើត ឡើងក្នុងជម្លោះប្តីសុំលែងលះ ហើយប្រពន្ធមិនព្រម ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះជាប្តីត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត ឯប្រពន្ធដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ៕ ប្រាថ្នា