ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈមន្ត្រីយោធាម្នាក់ បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទៅបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ហើយព្យាយាមបើករថយន្តគេច កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលរងរបួសឈ្មោះ ឆឹក ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបឹងត្របែកខាងត្បូង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្ត HILUX SURF មួយគ្រឿងពណ៌ប៉ារ៉ា ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-9972 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE.6197 ដែលជិះបញ្ច្រាសទិសគ្នា ធ្វើឲ្យខូចខាតស្ទើរទាំងស្រុង។ ចំណែក អ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់បាក់ភ្លៅ និងបែកប្លោកនោម តែភ្លាមៗរថយន្តបង្កបានព្យាយាមបើកគេចពីកន្លែងកើតហេតុទាំងបែកកង់មុខ រហូតមកដល់ផ្លូវបេតុងភូមិត្នោតជ្រំ៤ ទើបឈប់បំណងដោះដូរកង់តែត្រូវបានប្រជាពលរដ្ឋឃើញហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់រថយន្តតែម្ដង។
ពេលនោះបងប្អូនជនរងគ្រោះទៅដល់និយាយថា រថយន្តបានបុកម៉ូតូប្អូនរបស់គាត់ តែបុរសដែលជាអ្នកបើករថយន្តបាននិយាយថា ម៉ូតូជាអ្នកជិះទៅបុករថយន្តរបស់គាត់ទេ។ ភ្លាមនោះក៏បានឈ្លោះប្រកែកគ្នាមួយប្រ៉ាវ តែត្រូវបានសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍បំបែកគ្នាចេញវិញ។
ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យសួគ៌ា ដឹកយកទៅព្យាបាលតែដោយមើលឃើញថា ជនរងគ្រោះរបួសធ្ងន់ពេកក៏បានបញ្ជួនបន្ត ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ