ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនស្រ្តីម្នាក់ជាមេតុងទីនពីបទឆបោកប្រាក់ជាច្រើនម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលជាគេស្គាល់ថា ជាមេតុងទីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពីបទឆបោក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។

ស្ត្រីដែលគេស្គាល់ថា ជាមេតុងទីននោះ មានឈ្មោះ ខាន់ សុវណ្ណនី អាយុ៦០ឆ្នាំ មានទីលំនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

យោងតាមដីការតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លេខ ១៣៨៦ ដ.ប.ខ ចុះថ្ងៃទី៦មិថុនា ឆ្នាំ២០១៧ របស់ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ជាឲ្យឈ្មោះស្រ្តីឈ្មោះខាន់ សុវណ្ណនី ចូលមកបង្ហាញខ្លួននៅសាលាដំបូងខេត្ត ។

ចំពោះការសាកសួររបស់សាលាដំបូងខេត្ត បានធ្វើឡើងតាំងពីរសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែមិថុនា រហូតដល់រសៀលថ្ងៃដដែលទើបសម្រេចឃុំខ្លួនតែម្តង ។

គួរបញ្ជាក់ថា ស្ត្រីជាមេតុងទីននេះ ដែលមានកូនតុងទីនជាច្រើននាក់ ភាគច្រើនជាអាជីវករនៅផ្សារលើ ដែលសមាជិកជាកូនតុងទីនទាំងអស់បានចោទប្រកាន់ថា ស្រ្តីខាន់ សុវណ្ណនី នេះបានប្រមូលប្រាក់ពីកូនអស់ជាច្រើនម៉ឺនដុល្លារ តែមិនបានបើកអោយកូននោះទេ ទឹកប្រាក់មានទំហំច្រើន គ្រាន់តែ៣ទៅ៣នាក់ប៉ុណ្ណោះ ទឹកប្រាក់មានប្រមាណជាង៧ម៉ឺនដុល្លារ ហើយកូនតុងទីនដែលលេងជាមួយគឺលេងរាប់សឹបនាក់ឯណោះ ។

ក្រោយពីសាកសួរ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនស្រ្តីខាន់ សុវណ្ណនី ដែលជាមេតុងទីន ដាក់ពន្ធនាគាជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវ និង ស៊ើបអង្កេតបន្ត ៕ ចន្ថា


ចែករំលែក៖