រាជធានីភ្នំពេញ៖ នគរបាលអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនកម្មករសំណង់ធ្វើការក្នុងបុរីឌឹកមេគង្គរ៉ូយ៉ាល់ចំនួន ៣នាក់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងការដ្ឋានសំណង់បុរី ឌឹកមេគង្គរ៉ូយ៉ាល់ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ រី ចំរើន អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់, ទី២-ឈ្មោះ ធឿន ស្នា អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ និងទី៣-ឈ្មោះ អុល សុជីអូ អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ៣នាក់ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីឌឹកមេគង្គរ៉ូយ៉ាល់ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែង នឹងបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ (ជាប្រភេទម៉ាទឹកកក) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើរួចមក សមត្ថកិច្ចបាននាំខ្លួនទៅអធិការខណ្ឌ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ