ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ពីរលើកក្នុងថ្ងៃតែមួយកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយលើកទី១បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងលើកទី២ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីទី១ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវចូលសួនសុបិននៅភូមិចុងព្រែក ក្នុងសង្កាត់ព្រែកឯង កើតឡើង ដោយរថយន្តកុងតឺនរ័ពាក់ស្លាកលេខ ភ្នំពេញ 4A 1011 បុកម៉ូតូសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 1E 3640ធ្វើដំណើរក្នុងទិសដៅស្របគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ គីម ប៊ិន ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរ កម្មកររោងចក្រផលិតស្រាបៀរហិនណេហ្គេន មានទីលំនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បាត់បងជីវិត ។ រី អ្នកបើកបររថយន្តកង់តឺន័ររត់គេចខ្លួនបាត់។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍លើកទី២ កើតឡើង នៅចំណុចផ្លូវចូលរោងចក្រថៃហ្គ័រដដែលកើតឡើងរវាងរថយន្តដឹកដី និងម៉ូតូ បណ្តាលឲ្យបុរសវ័យជាង៣០ឆ្នាំម្នាក់ របួសធ្ងន់ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ តែក្រោយមកដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះ ក៍បាត់បង់ជីវិតទៅ ហើយសាកសពត្រូវបានក្រុមគ្រួសារដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណីដែរ ៕ សណ្តោស