ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​ ហ៊ុនសែន ចាត់​ទុក​គណៈ​ចាងហ្វាងជាន់ខ្ពស់​អ៊ិ​ស្លាម​ ដូច​សម្ដេចព្រះសង្ឃរាជ ​ក្នុង​ពុទ្ធសាសនាដែរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច ប្រកាសផ្តល់ អគារសិក្សា១ខ្នង និងអគារសម្រាប់ គណៈចាងហ្វាង ជាន់ខ្ពស់ សាសនិក ឥស្លាមកម្ពុជាសម្រាប់គោរពប្រតិបត្តិឱ្យស្របតាមទំនៀមទម្លាប់នៃសាសនាឥស្លាម។ ព្រោះគណៈចាងហ្វាង ជាន់ខ្ពស់សាសនាឥស្លាម ស្មើនិង សម្ដេចព្រះសង្ឃរាជ នៃព្រះពុទ្ធ សាសនា អញ្ចឹងដែរ។

សម្ដេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីចូលរួមពិសារអាហារស្រាយបួស រ៉ាម៉ាឌន សម្រាប់សាសនិក ឥស្លាមកម្ពុជានៅវិហារឥស្លាមកម្ពុជាគីឡូម៉ែត្រលេខ៩ក្នុងទឹកដីសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារាត្រី ថ្ងៃ២៣មិថុនា ឆ្នាំ២០១៧ ។

ដោយយោងលើកត្តានេះ ទើបសម្តេចតេជោប្រកាសផ្តល់ការសាងសង់អគារសិក្សា៤ជាន់២៤ បន្ទប់និងអគារគណៈចាង ហ្វាង១ខ្នងប្រហែល៤ជាន់ជូនសាសនិកឥស្លាមកម្ពុជានៅគីឡូម៉ែត្រលេខ៩ សម្រាប់គោរពប្រតិបត្តិឱ្យស្របតាមទំនៀមទម្លាប់នៃសាសនាឥស្លាម។

សម្តេចបន្តថា នៅពេលកសាងអគារទាំងនោះ សម្តេចស្នើឱ្យប្រមូលបញ្ញវន្ត និងនិស្សិតឥស្លាមកម្ពុជានាំគ្នាមកគូប្លង់ដើម្បីធានាថា ប្លង់នេះ ត្រូវបានគូ ដោយបញ្ញវន្តនិងនិស្សិតឥស្លាមកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលទទួលបាននូវផល ប្រយោជន៍នៃសុខសន្តិភាពដែលគណបក្សប្រជាជនកម្ពុជាផ្តល់ជូន។ នៅក្នុងឱកាសនោះដែរ សម្តេច ក៏បានផ្តល់ថវិកា៥០លានរៀលដល់គណៈចាងហ្វាងសម្រាប់ចាត់ចែងប្រើប្រាស់ក្នុងវិហារផងដែរ។

បន្ទាប់ពីបញ្ចប់សេចក្ដីថ្លែងសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទទួលទានអាហារស្រាយបួសជាមួយបងប្អូនសាសនិកឥស្លាមកម្ពុជាក្នុងបរិយាកាសសោមនស្សរីករាយនិងស្និតស្នាល។

សូមបញ្ជាក់ថា៖ ពិធីអាហារស្រាយបួសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបានរៀបចំជាទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៧ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ២០១៧នេះជាឆ្នាំទី៤ហើយបន្ទាប់ពីរាជរដ្ឋា ភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីបានសម្រេចរៀបចំកម្មវិធីស្រាយបួសថ្នាក់ជាតិដែលជាកម្មវិធីមួយពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដោយចាប់ផ្ដើមតាំងពីឆ្នាំ២០១៤មក។

លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ នៅក្នុងជំនួបជាមួយបងប្អូនសាសនិកឥស្លាមម្តងៗសម្តេចតេជោតែងតែសរសើរពីសុខដុមនីយកម្មខាងជនជាតិនិងសាសនានៅក្នុងប្រទេសកម្ពុជាដែលអនុវត្តរក្សាបានយ៉ាងល្អ។ តាងនាមរាជរដ្ឋាភិបាលសម្តេចក៏តែងតែថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិជាពិសេសថ្មីៗនេះបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ។

ពិធីស្រាយបួសក្នុងឆ្នាំ២០១៧នេះត្រូវនឹងយប់ថ្ងៃទី១៥ខែមិថុនា ដែលត្រូវនឹងថ្ងៃទី២០ខែរ៉ាម៉ាឌនឆ្នាំ១៤៣៨មូហាំម៉ាត់សករាជដែលសាសនិកឥស្លាមកម្ពុជាក៏ដូចជាសាសនិកឥស្លាមក្នុងពិភពលោកត្រូវបួសតមអាហារតាំងពីព្រលឹមរហូតដល់ថ្ងៃលិចក្នុងរយៈពេលជាង១៤ម៉ោងនិងមានរយៈពេល ១ខែ ក្នុង១ឆ្នាំ។ការបួសនេះគឺជាកាតព្វកិច្ចទី៤ក្នុង ចំណោមកាតព្វកិច្ចទាំង៥នៃអ្នកកាន់សាសនាឥស្លាម។

កិច្ចពិធីបួសនេះគឺតម្រូវលើជនមូស្លីមគ្រប់រូបទាំងចាស់ក្មេងប្រុសស្រីសូម្បីកុមារក៏ត្រូវរៀនបួសតាមលទ្ធភាពរបស់ខ្លួនដែរ។ដើម្បីបួសឱ្យបានពេញលេញអ្នកបួសត្រូវតមពីការនិយាយស្ដីអាក្រក់, តមការធ្វើអំពើមិនគប្បី, តមការធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃ។បួសក៏ជាការដាក់ខ្លួនឱ្យស្មើភាពដោយជៀសវាងពីភាពរើសអើងឬច្រណែនឈ្នានីសចំពោះសមាជិកក្នុងសហគមន៍ដើម្បីបង្កើតនូវបរិយាកាសសហការគ្នាលើការជំរុញឱ្យប្រព្រឹត្តនូវអំពើល្អនិងទប់ស្កាត់មិនឱ្យធ្វើអំពើអាក្រក់។បួសក៏ជាការរួមសុខ ទុក្ខជាមួយជនក្រីក្រដែលខ្វះខាតការហូបចុកឬជន ងាយរងគ្រោះ។ បួសជាការបង្កើតឡើងនូវទំនាក់ ទំ នងល្អជាមួយនឹងអ្នកជិតខាងខ្លួនមិនថាជនជាតិសញ្ជាតិឬសាសនាអ្វីឡើយ។ រ៉ាម៉ាឌនជាខែស្រោចស្រពដោយអំពើល្អរីឯអំពើអាក្រក់ដែលមានរបស់បុគ្គលម្នាក់ៗក្នុងខែនេះពុំមែនដោយការជំរុញរបស់ឥទ្ធិពលណាមួយក្រៅពីខ្លួនឯងនោះទេការពិតគឺដោយមហិច្ឆិតាការលោភលន់ និងការផ្គើនរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះ៕ សំរិត


ចែករំលែក៖