ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារ រស់នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅលើក្រុមហ៊ុន លី គីមហេង ដែលកំពុងធ្វើអាជីវកម្មកាយ រណ្តៅដីយ៉ាងអនាធិបតេយ្យបង្កផលប៉ះពាល់ដល់ពួកគាត់រាល់ថ្ងៃ ខណៈដែលអាជ្ញាធរជំនាញពាក់ព័ន្ធមិនរវល់អើពើអ្វីឡើយ ។
អ្នកស្រី ហៀង សុះ បានឲ្យដឹងថា តាំង ពីក្រុមហ៊ុន លី គីមហេង បានមកបោះ ទីតាំងកាយរណ្តៅដី នៅក្នុងភូមិសាស្ត្រ របស់ពួកគាត់កាលណាមក តែងតែបង្កហានិភ័យដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង ដូចជា ការបាក់ស្រុតដីស្រែបង្កបង្កើនផល លែងកើត ដោយទឹកហូរច្រោះចូលរណ្តៅដី អស់ ដោយសារតែរណ្តៅដីនោះមានជម្រៅ ស្ទើរតែដល់ក្បាលប្រេត ហើយមានទំហំធំស្ទើរតែដាច់កន្ទុយភ្នែក ពិសេសព្រួយ បារម្ភទៅលើក្មេងតូចៗ ដែលជាកូនចៅ របស់គាត់ទៅថ្ងៃក្រោយ វានឹងអាចរអិល ធ្លាក់ចូលក្នុងរណ្តៅមាន គ្រោះថ្នាក់ជាយ ថាហេតុមិនខានឡើយ ។
អ្នកស្រីបានបន្តថា សព្វថ្ងៃរថយន្តដឹកដីរបស់ក្រុមហ៊ុន លី គីមហេង រាប់សិបគ្រឿងសុទ្ធតែប្រភេទធំៗដឹកដីអត់គ្របធ្វើឲ្យអាចម៍ដី ធ្លាក់ជ្រុះរប៉ាត់រប៉ាយ ហើយបើកលឿនដូចហោះខ្ទាតបែកភក់ចូលផ្ទះប្រជាពលរដ្ឋ ដែល រស់នៅតាមសងខាងផ្លូវនេះ។ ម្យ៉ាង ទៀតរថយន្តដឹកដីមេឈ្មួញខាងលើនេះ បានធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីផ្ទុកលើស ទម្ងន់ បណ្តាលឲ្យផ្លូវស្ពានជាច្រើនកន្លែងបានបាក់ស្រុតជាបន្តបន្ទាប់បង្កឲ្យហិនហោចដល់ទ្រព្យសម្បត្តិជាតិទៀតផង។
ប្រជាពលរដ្ឋក៏បាននាំគ្នាលើកឡើងថា ក្រុម ហ៊ុន លី គីមហេង បានដំណើរការធ្វើអាជីវកម្មជិតមួយឆ្នាំហើយ គាត់មិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ចុះ មកត្រួតពិនិត្យម្តងណាឡើយ ។
ពាក់ព័ន្ធការធ្វើអាជីវកម្មកាយរណ្តៅដី របស់ក្រុមហ៊ុន លី គីមហេង នេះ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា អាជីវកម្ម រណ្តៅដីរបស់ក្រុមហ៊ុន លី គីមហេង ទើបតែបានច្បាប់អាជ្ញាប័ណ្ណពីក្រសួងជាង១ខែប៉ុណ្ណោះ គិតមកទល់ពេលនេះ ហើយការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន មិនគោរពទៅតាមសារាចរប្រកាសរបស់ក្រសួងរ៉ែ និង ថាមពល លេខ០៣១០ទេ ។ ដូច្នេះក្រសួងនឹងចាត់ការក្រុមហ៊ុននេះទៅតាមផ្លូវច្បាប់ ។
បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីនៃមន្ទីរជំនាញខេត្តថា លោកលី គឹមហេង រកស៊ីបានរលូនមិនសូវខ្វល់រឿងច្បាប់ទម្លាប់នេះ ដោយមានខ្សែអ្នកធំនៅខេត្តកណ្តាល ឮថាបងប្អូនធម៌នឹងគ្នាទៀតផង ទើបលោក លី គឹមហេង ធ្វើព្យុះភ្លៀងបានតាមអំពើចិត្តពេញអាណាចក្រខេត្តកណ្តាលនេះបាន ៕ ហេង នរិន្រ្ទ