ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងអគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់
សម្តេចតេជោបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee –(NEC) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលលទ្ឋផលជាផ្លូវការគឺបានបញ្ជាក់ច្បាស់ថា “គណបក្សប្រជាជនកម្ពុជា” គឺជាគណបក្សឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតខាងលើនេះ។ គណបក្ស ប្រជាជនកម្ពុជា ទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១,១៥៦ ដែលលើសជាង២ ភាគ៣ នៃឃុំ សង្កាត់ នៅទូទាំងប្រទេស។ លទ្ឋផលផ្លូវការនេះគឺបានបង្ហាញអោយឃើញកាន់តែច្បាស់ថា ប្រជាពលរដ្ឋ និង យុវជនបានគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនយ៉ាងច្រើនលើសលប់បំផុត។
ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិការគណបក្ស និងជនរួមជាតិនៅទូទាំង ប្រទេស ដែលបានគាំទ្រនិងបានបោះឆ្នោតអោយគណបក្សប្រជាជនដើម្បីថែរក្សាការពារសន្តិភាព និង បន្តការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខទៀត។
គណបក្សប្រជាជនកម្ពុជា គឺនៅតែជាគណបក្សជាទីទុកចិត្តរបស់ប្រជាជននាំមុខដ៏រឹងមាំបំផុតនៅ កម្ពុជា។ ជ័យជំនះនៅពេលនេះ គឺបានបង្ហាញអោយឃើញកាន់តែច្បាស់បំផុតថា នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ នា ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគឺ គណបក្សប្រជាជន កម្ពុជានឹងទទួលនូវជ័យជំនះជាបន្តទៀតជាក់ជាមិនខាន» ៕