ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលគាស់បន្ទប់គេចូលទៅលួចអីវាន់ដោយរាវប៉ះអង្ករ បំរុងនឹងយក តែមិនទាន់បានផង ត្រូវម្ចាស់មកទាន់ស្រែកថា ចោរៗ ហើយឃាត់ឲ្យនគរបាលប៉ុស្តិ៍កាកាបដើម្បីសួរចំលើយ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ទូច សោ អាយុ១៦ឆ្នាំ មុខរបរដើររើសអតចាយ ស្នាក់នៅវត្តពោធិ៍ចិនតុង( មិនពិតប្រាកដ )មានស្រុកកំណើតនៅខេត្តបាតដំបង។ ចំណែកឯជនរងគ្រោះឈ្មោះ សែម សាធ អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ស្រែរំដួល ឃុំប្រសូត្រ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ សែម សាធ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានសំរាកនៅផ្ទះមួយទៀតនៅមុខផ្ទះកើតហេតុ បន្ទាប់មកដោយកូនប្រុសរបស់គាត់ ចូលទៅ រៀបចំខ្លួនទៅធ្វើការ ឃើញទ្វារបើកចំហរហើយកូនគាត់បានចូលមើលបន្ទប់ឃើញជនសង្ស័យ នៅក្នុងបន្ទប់ជួលរបស់ខ្លួនក៏ស្រែកប្រាប់ឪពុកខ្លួន មានចោរចូលផ្ទះ។ បន្ទាប់មកបានឃាត់ជនសង្ស័យភ្លាមៗហើយប្តឹងនគរបាលមកអន្តរាគមន៍យកជនសង្ស័យទៅសួរនាំ។
តាមការសារភាពរបស់ជនសង្ស័យបានសារភាព ថា ខ្លួនបានចូលផ្ទះជនរងគ្រោះពិតប្រាកដមែនដោយចូលទៅរុករើរកទ្រព្យសម្បត្តិតែមិនឃើញអ្វី ហើយខ្លួនទើបតែនឹងចូលភ្លាមៗផងនោះដោយឃើញមានអង្ករនៅក្នុងធុងហើយបម្រុងយក តែមិនទាន់យកចេញផង ត្រូវកូនម្ចាស់ផ្ទះមកទាន់តែម្តង ។
តាមការសាកសួរពីនគរបាលប៉ុស្តិ៍កាកាបទៅជនសង្ស័យខាងលើ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន៦លើកហើយត្រូវបានគេឃាត់ឲ្យសមត្ថកិច្ចផងដែរ។ ដោយសារលួចរបស់របរបានតិចតួចពេកហើយអ្នកពីមុនៗពុំបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែសុំឲ្យអប់រំប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ក្នុងករណីខាលើនេះត្រូវបានជនរងគ្រោះដាក់ពាក់បណ្តឹង ហើយជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកសាងសំណុំរឿងបញ្ជូនទៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់៕ សុខាសែនជ័យ