ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនសម្រេចត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបពីភ្ញៀវជនជាតិបរទេស ដែលជិះនៅលើរ៉ឺម៉កម៉ូតូកង់បី តែមិនបានសម្រេចត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញដេញតាមឃាត់បានយកមកសួរនាំ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៤៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើសកម្មភាពឆក់នៅចំណុចផ្លូវលេខ១៥៤ កែងនិងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយកម្លាំងអាវុធហត្ថដេញតាមពីក្រោយរហូតដល់ផ្សារអូឬស្សី ក្នុងខណ្ឌ៧មករា ទើបឃាត់បាន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចៅ ចន្ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នករត់តុ នៅម្ដុំជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិ ស្មៅខ្ញី ចំបក់ ស្រុកបាទីខេត្តតាកែវ ជាអ្នកឆក់។ និងម្នាក់ទៀតឈ្មោះ ឈុន រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគេឃើញជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FX7019 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកែងផ្លូវ២១៤ ក៏ធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសបីនាក់ដែលជិះលើរឺម៉កម៉ូតូកង់បី តែមិនបានសម្រេច។ ប្រភពបានបន្តថា ភ្លាមៗនោះកម្លាំងអាវុធហត្ថ ដែលកំពុងជិះល្បាតក្នុងមូលដ្ឋានបានប្រទះឃើញ ក៏ជិះដេញពីក្រោយរហូតដល់ផ្សារអូឬស្សីទើបឃាត់ជនសង្ស័យបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញយកទៅសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖