ខេត្តកណ្តាលៈ « សូមបងប្អូនជួយមើលប្រពន្ធកូនខ្ញុំផង….»នេះ ជាសម្តីបុរសម្នាក់និយាយផ្តាំផ្ញើអ្នកជិតខាងមុនពេលធ្វើអត្តឃាត ៤ថ្ងៃក្រោយមកស្រាប់តែអ្នកធ្វើចំការប្រទេះឃើញចងករសម្លាប់ខ្លួននៅលើដើមឈើក្នុងដីចម្ការរបស់អ្នកភូមិ ។
ករណីធ្វើអត្តឃាត់ដោយចងកសម្លាប់ខ្លួននេះ បានបង្កការភ្ញាក់ផ្អើលនៅព្រឹក២៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងដីចម្ការរបស់ឈ្មោះមាស ធន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានទីលំនៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រពន្ធឈ្មោះឆែម ផាត អាយុ៤១ឆ្នាំ មានកូនប្រុស អាយុ១៥ឆ្នាំម្នាក់រស់នៅក្នុងបន្ទុក ។
លោកអ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលដីឥដ្ឋបានឲ្យដឹងថា យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះមានជំងឺប្រចាំកាយជាយូមកហើយនិងមានជីវភាពខ្វះខាតលុះនៅថ្ងៃទី១៩ ខែមិថុនា ជនរងគ្រោះបានចេញពីផ្ទះបាត់ដោយមិនបានប្រាប់ ប្រពន្ធកូនថាទៅទីណាលុះឡើយ ។
បន្ទាប់ពីដើរចេញពីផ្ទះជនរងគ្រោះបានមកស្នាក់អាស្រ័យបណ្តោះអាសន្ននៅផ្ទះម្តាយមីង ក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ។ ក្នុងរយៈពេលមកស្នាក់នៅផ្ទះម្តាយមីងនេះជនរងគ្រោះមានទឹកមុខស្រងូតស្រងាត់មិនសូវនិយាយស្តីអ្វីទាំងអស់ ។ លុះដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ អ្នកធ្វើចម្ការម្នាក់បានទៅបាញ់ថ្នាំបន្លែស្រាប់តែធំក្លិនស្អុយភាញៗ ក៍ក្រឡេកមើលឆ្វេងស្តាំឃើញមានបុរសម្នាក់ចងករសម្លាប់ខ្លួននៅលើដើមឈើ និងបានផ្តល់ដំណឹងដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យភិនភាគសាសព ទើបស្វែងរកក្រុមគ្រួសារឃើញ ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែនមិនមានពាក់ព័ន្ធករណីផ្សេងនោះទេ ។
សាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សណ្តោស