ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ពន្ធ័នឹងករណីរំលោភលើសេចក្ដីទុកចិត្ត ខណៈយកម៉ូតូរបស់ឪពុកមាទៅបញ្ចាំ។
យោងតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា ក្មេងប្រុសដែលសង្ស័យមានឈ្មោះទេស សុធី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង។
ចំណែកម្ចាស់ម៉ូតូដែលដាក់ពាក្យបណ្ដឹងត្រូវជាឪពុកមាមានឈ្មោះកើត សាវី អាយុជាង៣០ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលបន្តថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឪពុកមាឈ្មោះ កើត សាវី បានប្រើអោយក្មួយត្រូវជាជនសង្ស័យ អោយជួយជិះម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៥ យកមកផ្ទះមុន ព្រោះខ្លួនជាប់រវល់នៅខាងក្រៅ ខណៈ ស្រាប់តែត្រូវក្មួយជើងល្អម្នាក់នេះ មិនបានយកមកផ្ទះ នោះទេបែរជាជិះគេចយកទៅបញ្ចាំនៅឯខេត្តតាកែវទៅវិញ ដោយក្នុងតម្លៃតែ២៥ម៉ឺនរៀល ហើយចាយខ្ទេចគ្មានសល់។
រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូត្រូវជាឪពុកមារតែម្ដង ៕ យឹម សុថាន