ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសស្ដ្រី៥នាក់ បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ បានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ ស្ថិតនៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន រវាងម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា (ពីកើតទៅលិច) បណ្ដាលឱ្យខូចម៉ូតូទាំងសងខាង រួមទាំងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ៣នាក់ បានរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។
ប្រភពខាងលើបន្តថា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ដដែលនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតក្នុងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកផងដែរ បង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានកៀរបុរសបើកបរម៉ូតូឌុបប្រពន្ធ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលម៉ូតូបោកផ្ទុបនឹងថ្នល់រងរបួសធ្ងន់ទាំងប្ដីទាំងប្រពន្ធ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងម៉ូតូ និងរថយន្តទាំង ២ករណីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ចំណែកជនរងរបួសទាំងអស់ ក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះផងដែរ ៕ ប៉ឹម ពិន