ខេត្តពោធិ៍សាត់៖ កម្លាំងស្រាវជ្រាវ និងបង្រ្កាបនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្រុកវាលវែង កំលាំងនគរបាលក្រសួងមហាផ្ទៃសហការគ្នា បង្រ្កាបរថយន្តម៉ាក រ៉េវ ដឹកឈើអារជ្រុង(ហ៊ុប)មុខកាត់ធំៗចំនួន ១គ្រឿង នៅកណ្ដាលស្រុកវាលវែង។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចទំព័រក្រោមក្បែរចំណុចអូរសាបមាត់ ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការការងារខាងលើនេះប្រាប់ថា កម្លាំងកំពុងឡោមព័ទនៅកន្លែងបង្រ្កាបរថយន្តដឹកឈើនៅឡើយ ខណៈរថយន្តដឹកបទល្មើសឈើដែលគេអារជ្រុងមុខកាត់ធំៗ ហើយអ្នកបើករថយន្តទំនងដឹងខ្លួនមុនថា មានកម្លាំងសមត្ថកិច្ចបង្រ្កាបទើបបើកគេចចូលព្រៃ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកនៅរថយន្តដឹកវត្ថុតាងឈើនៅលើរថយន្ត ធ្វើឲ្យមានផលលំបាកដល់កម្លាំងសមត្ថកិច្ចក្នុងបើកយកមកបន្តនីតិវិធី ។
រហូតមកដល់ពេលនេះ បើតាមប្រភពប៉ាន់ស្មានថា ឈើមានចំនួនប្រហែល៦ទៅ៧ម៉ែត្រគូប ។ ឈើមានចំនួន៨ដុំ មុខកាត់៤ម៉ែត្រ ទៅ៥ម៉ែត្រ ហើយសមត្ថកិច្ចចម្រុះបាននិងកំពុងធ្វើកិច្ចការនេះ មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ៕ ប៉ឹម ពិន