ភ្នំពេញ៖ ស្រ្តីចំណាស់៤នាក់ ក្មេងៗ៨នាក់ ជាអ្នកសុំទាន នៅម្ដុំសួនច្បារផ្សារដើមគ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ក្នុងនោះ៣នាក់ពាក់ព័ន្ធករណីកេងប្រវ័ញ លើកម្លាំងពលកម្មកុមារ ។
ករណីចុះបង្រ្កាបក្រុមស្រ្តីដែលកេងប្រវ័ញ លើកម្លាំងពលកម្មកុមារខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនច្បារផ្សារដើមគ ចំណុចស្តុបផ្សារដើមគ តាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភំ្នពេញ ដឹកនាំដោយ លោក វេសេនីយត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញ ។
លោក វេសេនីយត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ស្រ្តីចំណាស់ទាំង៤នាក់នោះ ទី១ ឈ្មោះ សម ម៉ៅ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្សារនាគមាស មុខរបរមិនពិតប្រាកដ។ ទី២ ឈ្មោះ ម៉ៅ អ៊ុក អាយុ៤៦ឆ្នាំ ស្នាក់នៅស្នាក់នៅផ្សារដើមគរ មុខរបរមិនពិតប្រាកដ។
ទី៣ ឈ្មោះ តី ស្រីអូន អាយុ២៣ឆ្នាំ ស្នាក់នៅផ្សារដើមគរ មុខរបរមិនពិតប្រាកដ។ ទី៤ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្សារដើមគរ មុខរបរមិនពិតប្រាកដ។ សូមបញ្ជាក់ស្រ្តីទី២ ទី៣និងទី៤ ខាងលើនេះជាអ្នកស្គាល់គ្នានិងមានផ្ទះជិតគ្នា មានស្រុកកំណើត ភូមិស្អាងស្រែ ឃុំ ស្អាង ស្រុកឃុកអណ្តែត ខេត្តកណ្ដាល។
លោក វេសេនីយត្រី ផាត់ ផល្លា នាយរងការិយាល័យ បានបន្តទៀតថា ក្រោយពីធ្វើការសួរនាំស្រ្តីចំណាស់ទាំង៤នាក់ ក្នុងនោះ៣នាក់ពាក់ព័ន្ធករណីកេងប្រវ័ញ លើកម្លាំងពលកម្មកុមារ ត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជាធានីភ្នំពេញចាត់ការតាមនីតិវិធីផងដែរ ។ រីឯក្មេងរងគ្រោះទាំង៨នាក់ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំបន្ត ។
បើយោងតាមសម្ដីកុមារីឈ្មោះ ខេម ម៉ា អាយុ៧ឆ្នាំ ក៏បានឲ្យដឹងដែរថា ជារៀងរាល់ថ្ងៃ រូបខ្លួននិងប្អូនតូច ត្រូវបានម្ដាយនាំមក ដើរសុំទាននៅចំណុចសួនច្បារផ្សារដើមគ មិនបានចូលរៀនទេ ដើរសុំ១ថ្ងៃបាន២ទៅ៣ម៉ឺន គ្រាន់ទុកទិញទឹកដោះគោឲ្យប្អូនៗនិងម្ដាយទិញម្ហូបអាហារធ្វើជាប្រចាំថ្ងៃ ។ ស្រ្តីវ័យចំណាស់ម្នាក់ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ ក៏បានអះអាងថា ដោយសារតែខ្លួនគាត់មានជម្ងឺធ្វើការមិនកើតទេ ដូច្នេះបាននាំកូនមកដើរលក់ផ្កានិងសុំទាន នៅចំណុចសួនច្បារផ្សារដើមគនេះ ដើម្បីបានប្រាក់ខ្លះគ្រាន់ចញ្ចើមជីវិត ។
គួរបញ្ជាក់ថា ស្រ្តីទី១ ឈ្មោះ សម ម៉ៅ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្សារនាគមាស មុខរបរមិនពិតប្រាកដ មិនមានការពាក់ព័ន្ធនិងករណីកេងប្រវ័ញ លើកម្លាំងពលកម្មកុមារទេ ដោយគាត់គ្រាន់តែមកអង្គុយលេង ហើយកូនរបស់មកដើរសុំទាននេះមិនដែលអោយលុយមកគាត់នោះទេ។
ក្រោយធ្វើការសាកសួររួចស្រ្តី៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដោយសារពួកគាត់ពិតជាបានវាយនិងធ្វើបាបកូនមកឲ្យដើរសុំទានដើម្បីទទួលផលប្រយោជន៍ខ្លួនពិតប្រាកដ ៕ស តារា