ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX330បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរ៉ឺម៉កកង់បីបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿងបត់ឆ្លងផ្លួវមិនប្រយ័ត្ន ត្រូវរ៉ឺម៉កកង់បីបើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងបណ្តាលឲ្យតៃកុងកង់បីរងរបួសចំណែករថយន្តរួមទាំងរ៉ឺម៉ករងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ២២៥កែងផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បីដឹកភ្ញៀវ២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចស៊ីសRX 330 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ2X 7789 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយបានបត់ឆ្វេងទៅតាមផ្លូវលេខ២២៥ ទៅជើងធ្វើអោយរ៉ឺម៉កកង់បីចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំពីចំហៀងបណ្តាលអោយតៃកុងរ៉ឺម៉កកង់បីរងរបួសចំណែករថយន្ត និងរ៉ឺម៉ករងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ត និងរ៉ឺម៉កត្រូវបានសម្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖