ភ្នំពេញ៖ យុវជនម្នាក់ បានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឲ្យជួយអន្តរាគមន៍ ក្រោយពីកើតជម្លោះរហូតវាយគ្នាទៅវិញទៅមក បណ្តាលឲ្យខ្លួនរងរបួសប៉ោងភ្នែកហើយភាគីបង្ករត់គេចខ្លួន។
ហេតុការណ៍វាយតប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ រិន សុធីន ភេទប្រុស ឲ្យុ២១ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណែកជនបង្កមានគ្នា២នាក់បងប្អូនទី១ ឈ្មោះ គៀន ភេទប្រុសអាយុ២៤ឆ្នាំ និងទី២ឈ្មោះ គុណ ភេទប្រុសអាយុ២១ឆ្នាំ ទាំង២នាក់ ជាបងប្អូនបង្កើត ស្នាក់នៅកន្លែងធ្វើការជាមួយគ្នា។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេកំពុងធ្វើការដូចសព្វមួយដង ស្រាប់តែឈ្មោះ គៀន បានឌៀមដាមពាក្យសំដីឲ្យខ្លួនថា ឯងមិនចេះធ្វើការធ្វើអី ក៏ធ្វើមិនកើត ពេលនោះជនរងគ្រោះ ក៏តបតទៅវិញបង្កជាជម្លោះវាយគ្នាទៅវិញទៅមកតែម្តង បណ្តាលឲ្យជនរងគ្រោះត្រូវរបួសប៉ោងភ្នែក ហើយជនបង្កទាំង២នាក់បានគេចខ្លួន។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីឲ្យជួយអន្តរាគមន៍។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរកជនបង្កដើម្បីឃាត់ខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់៕ តុង សីហា