ខេត្តកណ្តាល៖ មន្ត្រីរនគរបាលម្នាក់បំរើការនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាដីឥដ្ឋ ដើរ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកបរដោយជនជាតិថៃបុកបណ្តាលឲ្យបាក់ជើងខាងស្តាំ កាលពីវេលាម៉ោង20និង10នាទី ថ្ងៃទី26 ខែមិថុនា ឆ្នាំ2017 នៅលើកំណាត់ផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ26-27ស្ថិតក្នុងភូមិស្តៅកន្លែង4 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តបង្កម៉ាកCOROLA ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ កំពង់ចាម 2A.1940 បើកបរដោយឈ្មោះ នី កន ភេទប្រុស អាយុ50ឆ្នាំ ជនជាតិថៃ មុខរបរជាគ្រូគង្វាលនៅវិហារគ្រឹះសាសនា ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ។
ជនរងគ្រោះមានឈ្មោះ ផាត ចាន់ទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ បំរើការនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានបញ្ជនអោយមកសិក្សានៅសាលាបណ្ឌិតសភានគរបាលកម្ពុជា មានទីតាំងនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក ព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ ជនរងគ្រោះបានដើរឆ្លងផ្លូវនៅទីងងិតមិនប្រយ័ត្ន ចំណែកជនជាតិថៃបើកបររថយន្តមិនប្រយ័ត្នដូចគ្នាក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់កន្លែងកើតហេតុបានជាន់ហ្វ្រាំងដែរ តែទប់ល្បឿនមិនជាប់ ក៏បុកជនរងគ្រោះដែលកំពុងដើរឆ្លងផ្លូវបណ្តាលអោយបាក់ជើងស្តាំម្ខាង ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ដោយឡែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែករថយន្តត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ក្រោយបញ្ចប់ការសាកសួរនៅអធិការដ្ឋាន បច្ចុប្បន្នអ្នកបើកបររួមជាមួយរថយន្តត្រូវបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីបន្តនីតិវិធី ៕ សណ្តោស