ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវបានបុរសជនជាតិចិនម្នាក់បើករថយន្តលឿនមកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកFino ពណ៌សលាយ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 1AT 7547 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Z 5889 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ហើយជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូអូសជាង៤០ម៉ែត្រ ចំណែកអ្នកជិះរងរបួសធ្ងន់ម្នាក់និងម្នាក់ និងម្នាក់ទៀតរបួសស្រាល។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានឃាត់រថយន្តបង្កភ្លាមនោះបុរសបើករថយន្តបង្កបានរកវាយប្រជាពលរដ្ឋទៀត។ ក្រោយមក ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ