ភ្នំពេញ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ បើកសវនាការរឿងក្ដីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និង សកម្មជន១០នាក់ទៀត ករណីហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ។
លោក ជូង ជូងី មេធាវីការពារក្តី ឲ្យដឹងថា សាលាឧទ្ធរណ៍ត្រូវបើកសវនាការ២រឿង ទាក់ទងនឹងសំណុំរឿង លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១០រូបទៀត ក្នុងនោះមានករណីអង្គសេចក្តី កូនក្តីរបស់លោក បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យពួកគាត់ជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់២០ឆ្នាំ។
ចំណែកសវនាការមួយទៀត គឺជាសំណុំរឿង ដែលកូនក្តីបានប្តឹងចំពោះការកាត់ក្តីរបស់ សាលាដំបូងរាជធានីភ្នំពេញ ទៅលើពួកគាត់ដោយមិនមានមេធាវី ។
អំពើហិង្សានេះ បានធ្វើឲ្យសន្តិសុខខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤៕ ចេស្តា