ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្តល់អាវុធរាប់ពាន់ដើមដល់ហ្វុីលីពីនសម្រាប់ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម

ចែករំលែក៖

ចិនបានផ្តល់កាំភ្លើងរាប់សិបពាន់ដើមដល់ហ្វុីលីពីនដើម្បីជួយដល់ប្រទេសនេះ ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មម៉ៅតេ ដែលមានភាពជិតស្និទ្ធជាមួយក្រុម IS នៅទីក្រុងម៉ារ៉ាវី។ នេះជាលើកទី១ដែល ចិនផ្តល់អាវុធកម្ចាត់ក្រុមភេរវកម្មចាប់តាំងពីក្រុម IS បានដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ជាង១ខែកន្លងមក។

ប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរ តេ បានចូលរួមពិធីទទួលកាំភ្លើងទាំងនោះនៅក្នុងទីតាំងទ័ពអាកាស Clark ក្នុងតំបន់ Pampanga ប្រទេសហ្វុីលីពីន កាលពីថ្ងៃ ទី២៨ ខែមិថុនា ។ អគ្គរដ្ឋទូតចិនប្រចាំនៅហ្វុីលីពីនជាអ្នកតំណាងឲ្យរដ្ឋាភិបាលចិនប្រគល់អាវុធទាំងនោះឲ្យទៅហ្វុីលីពីន។

កាំភ្លើងដែលចិនបានប្រគល់ឲ្យហ្វុីលីពីន មានតម្លៃប្រមាណ៧,៣៥លានដុល្លារ។ នៅក្នុងពិធីទទួលអំណោយកាំភ្លើងពីចិន ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានបញ្ជាក់ថា នេះជាការចាប់ផ្តើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងចិននឹងហ្វុីលីពីន។

សារព័ត៌មាន AFP បានដកស្រង់សម្តី លោក ឌុយទែរតេ ប្រកាសកាលពីថ្ងៃទី២៨ ខែមិថុនាថា «ពេលខ្លះយើងជួបផលលំបាក ជាច្រើនដោយខ្វះសម្ភារសម្រាប់ធ្វើសង្គ្រាម វាយប្រហារក្រុមភេរវកម្ម ហើយពេលនេះយើងមានមិត្តដ៏ល្អដែលតែងតែយល់ពី កង្វះខាតរបស់ហ្វុីលីពីន»។

នេះជាការផ្តល់ជំនួយយោធាជាលើក ដំបូងរបស់ចិនទៅឲ្យហ្វុីលីពីនចាប់តាំងពីប្រធានាធិបតីហ្វុីលីពីនបានសម្រេចបោះ បង់អាមេរិកបង្កើតទំនាក់ទំនងជាមួយចិនវិញ។ អគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងម៉ា នីលបានបញ្ជាក់ថា ការផ្តល់ជំនួយអាវុធជា លើកទី២ នឹងបញ្ជូនមកកាន់ប្រទេសហ្វុី លីពីនក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីនេះភាគីចិនក៏មានបំណងចង់ហ្វឹកហាត់ រួមរវាងកម្លាំងទាហានប្រទេសទាំង២ និង ចែករំលែកព័ត៌មានចារកម្មផងដែរពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម។

ប្រធានាធិបតីហ្វុីលីពីនក៏បានប្តេជ្ញាមិនទទួលការជួយអន្តរាគមន៍ពីអាមេរិកនោះឡើយ។ ការជួយរបស់អាមេររិកកន្លងមកនៅក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវីលោក ឌុយទែរតេ បញ្ជាក់ ថា លោកមិនបានដឹងអ្វីពីការជួយនោះ ឡើយ។

ហ្វុីលីពីនមានសទ្ធិសញ្ញាការពាររួមជាមួយអាមេរិក ហើយតាំងពីដើមបានពឹងផ្អែកទៅលើកម្លាំងទាហានអាមេរិក និងអាវុធពី អាមេរិក។ ប៉ុន្តែក្រោយពេលរដ្ឋាភិបាល របស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា រិះគន់ពីសង្គ្រាមប្រឆាំងគ្រឿង ញៀនសម្លាប់មនុស្សច្រើនមកលោក ឌុយ ទែរតេ ក៏បានកាត់ផ្តាច់ទំនាក់ទំនងយោធា ជាមួយអាមេរិកដោយបង្វែរទៅរកអាវុធ ពីចិន និងរុស្ស៊ីមកជំនួសវិញ៕ ម៉ែវ សាធី


ចែករំលែក៖