ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋលើកគ្នាតវ៉ារថយន្តធុនធំដឹកត្រីពីវៀតណាមធ្វើឲ្យស្រុតវត្តខូចផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមប្រជាពលរដ្ឋ និង ព្រះសង្ឃវត្តវាំងកែវ ហៅវត្តព្រែកស្បូវ ដែលមានទីតាំងស្ថិតក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ បានផ្ដិតមេដៃប្ដឹងមេឈ្មួញនាំត្រីពីវៀតណាមម្នាក់ ដែលបាន ប្រើរថយន្តធំៗដឹកត្រី ធ្វើឲ្យបាក់ស្រុតវត្ត និងខូចខាតផ្លូវយ៉ាងដំណំ ។

ព្រះតេជព្រះគុណ សេន មិត្ត ព្រះគ្រូចៅ អធិការវត្តវាំងកែវ ហៅវត្តព្រែកស្បូវ បាន មានថេរដីកាថា រថយន្តដឹកត្រីធំៗជាច្រើនគ្រឿងរបស់ឈ្មោះ ឡេង យូ បានបើក ប្រកៀកប្រកិតនឹងរបងវត្ត៣ឆ្នាំមកហើយ ធ្វើឲ្យសំណង់គ្រឹះ ដងគោម និងខឿន ព្រះវិហារស្រុត។ ព្រះតេជព្រះគុណបានមាន ថេរដីកាបន្ថែមថា កន្លងទៅបើទោះបី ជាវត្ត បានបរិច្ចាគដីទំហំ១៨០ម៉ែត្រគុណនឹង១២ ម៉ែត្រឲ្យឈ្មួញដែលនាំចូលត្រីពីវៀតណាមនោះធ្វើផ្លូវវាងក្ដីក៏គេមិនអើពើដែរ ហើយនៅតែបើករថយន្តឆ្លងកាត់ធ្វើឲ្យខូចខាតសមិទ្ធផលវត្តដដែល ។

ចំណែកលោក រស់ ជីម អតីតមេភូមិព្រែកស្បូវក៏បានឲ្យដឹងដែរថា ទីអារាមជា កន្លែងស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិស័ទចូល មកធ្វើបុណ្យទាន តែនៅពេលនេះបានក្លាយ ទៅជាផ្លូវដែលដឹកសត្វធាតុឆ្លងកាត់ ពិសេស ដឹកកាត់មុខព្រះវិហារតែម្ដង ។ បើតែយ៉ាង នេះតើ ទីវត្តអារាម នឹងក្លាយជាអ្វីទៅវិញ?

ទាក់ទងបញ្ហានេះលោក អេង មោក្ខ អភិបាលនៃគណៈអភិបាលស្រុកកោះធំ បានថ្លែងថា លោកមិនទាន់ទទួលបាន លិខិតនិងស្នាមមេដៃរបស់ពលរដ្ឋនៅឡើយទេ ដោយសារប៉ុន្មានថ្ងៃនេះលោកជាប់ ប្រជុំនៅសាលាខេត្ត ហើយថា ពេលចប់ លោកនឹងចុះទៅដោះស្រាយរឿងនេះ៕ ហេង នរិន្រ្ទ


ចែករំលែក៖