ភ្នំពេញ: កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង(ប្រភេទបៀ) មួយកន្លែងហើយបានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន២នាក់ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសំណង់មិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
មន្រ្តីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានទី១-ឈ្មោះ ទន់ ណេង ហៅពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះលេខ៥៦៥ ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងទី២-ឈ្មោះ ម៉ី រស្មី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ រីឯម្ចាស់ផ្ទះបានគេចខ្លួនបាត់ ។ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការសម្របសម្រួលពីសំណាក់លោក វង្ស ប៉ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវនិងនគរបាលប៉ុស្តិ៍ឫស្សីកែវ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការចុះបង្ក្រាបទីតាំង មួយកន្លែងនេះបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវដឹងថានៅទីនេះជាទីកន្លែងលួចលាក់បើកលេងល្បែងស៊ីសងខុស (ប្រភេទបៀ) ហើយសមត្ថកិច្ចបានទៅបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងបានដកហូត បៀចំនួន១០ហ៊ូរ,ម៉ាស៊ីនគិតលេខចំនួន១,ប្រាក់ចំនួន១១៥,០០០រៀល ,ទូរសព្ទដៃម៉ាក Huawri ពណ៌ខ្មៅ ចំនួន មួយគ្រឿង និងកាបូបដៃពណ៌ខ្មៅចំនួនមួយ នៅក្នុងនោះមានអត្តសញ្ញាណបណ្ណ័កូពី មួយសន្លឹក នឹងកាត ATMឈ្មោះ ប៉ុន សុផាតចំនួនមួយផងដែរ ។
ក្រោយពីធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងទាំង ២នាក់ខាងលើរួចមក សមត្ថកិច្ចបាននាំខ្លួនពួកគេមកកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ រួមនឹងវត្ថុតាងរួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អរុណរះ