ខេត្តប៉ៃលិន៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់បាត់ស្មាតី ពេលដែល យុវជនរូបនេះ បានជួបមិត្តភក្តិម្នាក់បបួលទៅផឹកស៊ីនៅនឹងហាងមួយកន្លែងនៅខាងកើតស្ពានតារាម ពេលស្រវឹងស្រារៀងៗខ្លួន ស្រាប់តែជនរងគ្រោះជូនមិត្តភក្តិទៅផ្ទះ ត្រឡប់មកវិញ ជិះដូចហោះ មកដល់ផ្លូវកោងបត់ ជាន់ហ្វ្រាំងមិនជាប់ ស្រាប់តែដួលបោកក្បាលទៅផ្លូវជាតិលេខ៥៩ បណ្ដាលឱ្យបែកក្បាល, បែកមាត់ រយៈដៃជើងសន្លប់ ត្រូវបានគេហៅរថយន្តសង្គ្រោះរបស់មន្ទីរពទ្យបង្អែកខេត្តប៉ៃលិនដើម្បីយកទៅព្យាបាល។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រងរបួសធ្ងន់ ។ ជនរងគ្រោះជិះម៉ូតូម៉ាកសង់សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ក្រោយពីកើតហេតុ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចមូលដ្ឋានថា នៅពេលមុនកើតហេតុ រូបគាត់បានជួបមិត្តភក្តិបបួលទៅផឹកស្រានៅហាងមួយនៅខាងកើតស្ពានតារាម ពេលដែលផឹកស្រាអស់ជិតពីរម៉ោង ស្រាប់តែស្រវឹងស្រារៀងៗខ្លួនដូចគ្នារួចមក រូបគាត់បានជូនមិត្តភក្តិទៅផ្ទះនៅភូមិបុស្អម ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង រួចក៏ត្រឡប់មកវិញ ពីជើងទៅត្បូង ពេលត្រឡប់មកវិញទាំងយប់ ណាមួយតាមផ្លូវស្ងាត់ហើយស្រវឹងស្រាស្រឿងៗផង ណាមួយខ្លាចមនុស្ស និងខ្មោចក៏ជិះម៉ូតូយ៉ាងល្បឿនលឿនមកដល់ផ្លូវកោង មិនប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនជាប់ ស្រាប់តែបត់បណ្ដាលឱ្យដួលបោកក្បាលទៅនិងផ្លូវជាតិលេខ៥៩ ស្រាប់តែបែកមុខ និងត្រូវធ្មេញបែក១ហើយ រលាត់ដៃជើង បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកមកព្យាបាល។
ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឱ្យឪពុកនិងម្ដាយ ជនរងគ្រោះហើយដើម្បីមកទៅជួសជុល៕ ស សារ៉េត