ព័ត៌មានទាន់ហេតុការណ៍៖

ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ឲ្យដេញថ្លៃ គំរោងមូលនិធីអភិវឌ្ឍន៍ សង្កាត់ ឆ្នាំ២០១៧ នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅសាលាខណ្ឌ ដែលមាន ១០គំរោង ក្នុងនោះ គំរោងផ្លូវបេតុង ចំនួន០៦គំរោង និងប្រព័ន្ធលូររំដោះទឹក ចំនួន០៤ គំរោង ដែលមានក្រុមហ៊ុន ចូលរួមដេញថ្លៃ ចំនួន ០៧ ក្រុមហ៊ុន ស្ថិតក្រោមវត្តមាន លោក រស់ សុខា ទីប្រឹក្សាថ្នាក់ជាតិប្រចាំសាលារាជធានី ភ្នំពេញ លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានី និងលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ លោក លោកស្រីជាអភិបាលរងខណ្ឌ និងចៅសង្កាត់ទាំង៨ ព្រមទាំង មានប្រជាពលរដ្ឋ ចូលរួម ប្រមាណ ២០០នាក់។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានអោយដឹងថា ឆ្នាំនេះជាឆ្នាំទី៤ របស់ក្រុមប្រឹក្សា សង្កត់អាណត្តិទី៤ បានលើក ផែនការ អភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយ វិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សាសង្កាត់និមួយៗ មាន គណនេយ្យ ភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទី ប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានី ភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និង វិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ ព័ន្ធមួយចំនួនទៀត។

លោកបន្តថា “ក្នុងឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញថ្លៃ គំរោងសង្កាត់ទាំង៨ បានខិតខំ កែលំអសោភ័ណ្ឌភាព កសាង ហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុលផ្លូវបេតុង គ្មានសរសៃដែក ចំនួន ៨ខ្សែ ប្រវែង ២.៥៧៤ម៉ែត្រ និងដាក់លូបាន ចំនួន ១.៨១៨កង់ ចំណាយថវិកាសរុប ជាង៨២៣លានរៀល ។ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ក្នុងឆ្នាំ២០១៧នេះ រួមមាន ទី១-សង្កាត់ច្បារអំពៅទី១ ដាក់លូដោះទឹក ប្រវែង ២៧៣ម៉ែត្រ , ទី២-សង្កាត់ច្បារអំពៅទី២ ជួសជុលផ្លូវបេតុង គ្មានសសៃដែក ២ខ្សែ ដោយខ្សែទី១ ប្រវែង ២២៣ម៉ែត្រ ទទឹង ៥ម៉ែត្រ និងខ្សែទី២ប្រវែង ៣៤៩ម៉ែត្រ ទទឹង ៦ម៉ែត្រ, ទី៣-សង្កាត់និរោធ ជួសជុលផ្លូវបេតុង គ្មាន សរសៃដែក ២ខ្សែ គឺ ប្រវែង ៧៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងប្រវែង ៣៤៩ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ, និងលូដោះទឹក ប្រវែង ២១៥ម៉ែត្រ ។ ទី៤-សង្កាត់ព្រែកប្រា ដាក់លូដោះទឹក ២ខ្សែ ដោយខ្សែទី១ ប្រវែង ៣០៧ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ, ខ្សែទី២ប្រវែង ៣០ម៉ែត្រ មុខកាត់ ៨តឹក ។ ទី៥-សង្កាត់វាលស្បូវ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ១៥៥ម៉ែត្រ ទទឹង ៥ម៉ែត្រ, ។ ទី៦-សង្កាត់ព្រែកឯង ដាក់លូដោះទឹក ប្រវែង ៣៧០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ, ។ ទី៧-សង្កាត់ក្បាលកោះ ជួសជុលផ្លូវបេតុងគ្មាន សរសៃដែក ២ខ្សែ ខ្សែទី១ ប្រវែង២៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងប្រវែង ៧៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងទី៨-សង្កាត់ព្រែកថ្មី ជួសជុលផ្លូវបេតុង គ្មានសរសៃដែក ប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ”។

លោក រស់ សុខា ប្រធានទីប្រឹក្សាថ្នាក់ជាតិប្រចាំសាលារាជធានីភ្នំពេញ បានលើកឡើងថា បទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលម៉ៅការ បានចូលរួម ក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមាន ក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ ពេល អនុវត្តគំរោង គឺ មានភាព រយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់ សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការ ទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួល បាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។

ជាមួយគ្នានេះដែរលោកក៏បានណែនាំ ដល់ក្រុមហ៊ុន ចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយ បានច្បាស់លាស់ ពីតំលៃនិង ស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង កិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។

ដោយឡែកគណៈកម្មការលទ្ធកម្មសង្កាត់និមួយៗ ត្រូវពិនិត្យអោយបាន ហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ត្រូវមាន លទ្ធភាពសមត្ថភាព ដោយធានាតាម លក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួត ពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ អោយបានល្អ ជាពិសេសត្រូវរៀបចំ កិច្ចសន្យា គំរោង យ៉ាងយូរ រយៈពេល៧ថ្ងៃ បន្ទាប់ពីការដេញថ្លៃរួច។ ក្នុងរយៈពេលត្រៀមចុះកិច្ច សន្យានេះ សូមស្នើដល់ក្រុមហ៊ុនពិនិត្យ លើស្ថាន ភាពសេដ្ឋកិច្ចផងដែរ ខណៈតម្លៃ វត្ថុធាតុដើមអាចឡើងថ្លៃ អំឡុងពេល ៤៥ថ្ងៃ មុននឹងអនុវត្តគម្រោង ៕ សណ្តោស


ចែករំលែក៖