ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានទីផ្សារដ៏ធំ សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ប្រារព្ធខួបលើកទី២៤១ នៃថ្ងៃឯករាជ្យរបស់អាមេរិក ដោយមានការ ពីលោក វីលៀម ហៃដ (William A.Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងមន្រ្តីរដ្ឋាភិបាលជាច្រើនរូបទៀត កាលពីរាត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ ក្នុងរាជធានីភ្នំពេញ ។

លោក វីលៀម ហៃដ (William A.Heidt) បានថ្លែងក្នុងពិធីនោះថា អាមេរិក រីករាយពេញចិត្ត នូវការធ្វើសន្ទនាដោយស្មោះត្រង់ រវាងគ្នានៅលើបញ្ហាជាច្រើន ជាមួយកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បន្តថា ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្ត នូវការគាំទ្រនៅការអភិវឌ្ឍ សង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា នៅក្នុងវិធីជាច្រើន ដែលអាចយើងធ្វើទៅបាន។

លោកបន្ថែថា ទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក មានការរីកចម្រើន ក្នុងពេលកន្លងមក ដោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានទីផ្សារដ៏ធំ សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។

លោក​ទេសរដ្ឋមន្ដ្រី លី ធុជ បានមានប្រសាសន៍ថា អាមេរិកជាទីផ្សារធំជាងគេ នៃការនាំចេញរបស់យើង ហើយយើងលក់​សំលៀកបំពាក់ ខោ អាវ ជាច្រើន ទៅទីផ្សារអាមេរិក។ កូនក្មួយរបស់យើង ដែលកាត់ដេរ នៅតាមរោងចក្រខិតខំ​ធ្វើការ​ពីព្រលឹមដល់យប់ គឺយើងបានទីផ្សារអាមេរិកធំ ដែលផ្ដល់មកការងារ និងចំណូល ជូនដល់ក្មួយរបស់យើងជាកម្មករ កម្មការិនី ចិញ្ចឹមគ្រួសារ និងបងប្អូនរបស់គាត់។

លោកទេសរដ្ឋមន្ដ្រី បន្តទៀតថា ទំនាក់ទំនងសេដ្ឋកិច្ចក៏ល្អ ទំនាក់ទំនងវិស័យទេសចរណ៍ក៏ល្អ ចំនួនភ្ញៀវទេសចរពី​សហរដ្ឋអាមេរិក​កាន់តែកើនឡើងៗ ជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងការ ផ្លាស់ប្ដូរនៅនិស្សិតទៅរៀន ប្រទេសទាំងពីរក៏ល្អ។

សូមបញ្ជាក់ផងដែរថា កម្ពុជាមានរោងចក្រប្រមាណ២០រោងចក្រ ទើបតែបង្កើតឡើងនៅក្នុងឆ្នាំនេះ ដើម្បីផលិតនៅ​ទំនិញកាបូប កាតាបជាដើម លក់ទៅកាន់សហរដ្ឋអាមេរិក ដោយអនុគ្រោះពន្ធ។ រោងចក្រទាំងនេះ បានផ្តល់ការងារ​ធ្វើជូនកម្មករ បុគ្គលិកប្រមាណ ១៥០០០នាក់៕ ស តារា


ចែករំលែក៖