ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវរថយន្តវីហ្គោបុកស្លាប់នៅលើផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ត្រូវបានរថយន្តវីហ្គោបើកបុកពេញមួយទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអណោ​ចអធ័ម គ្រាដែលស្ត្រីរូបនេះជិះម៉ូតូបញ្ច្រាស់ស្លាកសញ្ញា មិនប្រកាន់ស្តាំ បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះ​គីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ វ៉ាន់ ស៊ីនួន ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ស្ក គ្មានស្លាកលេខ ។ ចំណែកឯរថយន្តម៉ាក​តូយូតាវីហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2R-3281 បើកបរដោយឈ្មោះ វ៉ាន់ បូម៉ាត់សាលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយពីកើតហេតុបានរត់គេចខ្លួន(ស្គាល់អត្តសញ្ញាញតាមរយៈឯកសារ និងអ្នករួមដំណើរជាមួយ) ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីរងគ្រោះជិះម៉ូតូបញ្ច្រាស់ស្លាកសញ្ញា មិនប្រកាន់ស្តាំ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង រួចបានបើកម៉ូតូបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថយន្តវីហ្គោបើកបុកពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិស្លាប់យ៉ាងអណោចអធ័ម ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានបញ្ជាក់ថា ត្រង់ចំណុចកើតហេតុនៅលើកំណាត់ផ្លូវជាតិលេខ៥ មានសួនច្បារពុះចែកទ្រូងផ្លូវ ស្ត្រីរងគ្រោះមិនបានជិះម៉ូតូប្រកាន់ស្តាំនោះទេ ពោលគឺបានបើកលើគន្លងផ្លូវរថយន្ត និងបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ទើប​បណ្តាលឲ្យរថយន្តបុកយ៉ាងដូច្នេះ ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖