នៅក្នុងឱកាសខួប២០ឆ្នាំថ្ងៃដែល អង់គ្លេសបានសងកោះហុងកុង ដែល ជាកូននាគ សេដ្ឋកិច្ចនៅតំបន់អាស៊ីទៅ ឲ្យចិន នៅក្នុងឆ្នាំនេះ មានការរៀបចំជាទ្រង់ ទ្រាយធំដោយមាន ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅចូលរួមផងដែរ។
មេដឹកនាំចិន ហុងកុង បានទៅកាន់ អាកាសយានដ្ឋានដើម្បីទទួលស្វាគមន៍ លោកស៊ី ជីនពីង។ នៅពេលចុះពីយន្ត ហោះភ្លាម ប្រធានាធិបតីចិន បានបានថ្លែង សន្ទរកថា ទៅកាន់ពលរដ្ឋហុងកុង។ដំណើរ ទស្សនកិច្ចរបស់លោកស៊ី ជីនពីងត្រូវបាន ធ្វើឡើង ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ហើយមេដឹកនាំចលនាទាមទារ ប្រជាធិបតេយ្យហុងកុង ដែលតែងតែនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរក្រុងប៉េកាំងនោះ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន តាំងពីថ្ងៃ ពុធទី២៨ ខែមិថុនា ឆ្នាំ២០១៧។
សូមបញ្ចាក់ថា ក្រោយពីត្រូវបានផ្ទេរពីអង់គ្លេសមកឲ្យចិន ដែនដីហុងកុងត្រូវបានដាក់ឲ្យស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងមួយ ដែល គេឲ្យឈ្មោះថា “ប្រទេសមួយ ប្រព័ន្ធគ្រប់ គ្រងពីរ” ពោលគឺ ហុងកុងជាដែនដីរបស់ ចិន តែមានប្រព័ន្ធគ្រប់គ្រងដាច់ដោយឡែកពីក្រុងប៉េកាំង។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៤មក សកម្មជនប្រជាធិបតេយ្យ ហុងកុង ជាពិសេស សកម្មជននិស្សិតបាននាំគ្នាងើបឡើងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចិនដីគោក ដោយពួកគេចោទថាកំពុង ពង្រីកឥទ្ធិពលមកលើនយោបាយរបស់ហុងកុង ហើយគំរាមកំហែងដល់សិទ្ធិសេរីភាព របស់ប្រជាជនហុងកុង។
សកម្មជន ប្រជាធិបតេយ្យនេះ ដែលមានសមាជិកខ្លះជាប់ឆ្នោតក្លាយជាសមាជិក សភាហុងកុងផងនោះ បានបន្តការតវ៉ាប្រឆាំងស្ទើរតែជាប់ជាប្រចាំ ហើយកាលពី ប៉ុន្មានថ្ងៃមុននេះ ពួកគេក៏បាននាំគ្នាឆ្លៀត យកឱកាសខួប ២០ឆ្នាំ នៃការផ្ទេរដែនដី ហុងកុងនេះ មកធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។ប្រឈមមុខ នឹងចលនាប្រឆាំងបែបនេះហើយ បានជា ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីងពីង នៅហុងកុងត្រូវបានធ្វើឡើង ដោយមានការរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយផ្នែកខ្លះនៃក្រុងហុងកុងត្រូវបានបិទស្ទើរតែទាំងស្រុង ចំណែកឯសកម្មជនប្រជាធិបតេ្យ ប្រមាណជាង ២០នាក់ ក្នុងនោះក៏រួមមាន ទាំង មេដឹកនាំចលនានិស្សិត យ៉ូហ្សួ វង និង សមាជិកសភាវ័យក្មេង ណាថាន់ ឡ ផងដែរ ត្រូវបានប៉ូលិសហុងកុងចាប់ឃុំខ្លួន តាំងពីថ្ងៃពុធ ទី២៨ ខែមិថុនា។
ទោះជាយ៉ាងណា គេឃើញថា លោក ស៊ី ជីនពីង ហាក់ដូចជាចង់ព្យាយាមរម្ងាប់ក្តីបារម្ភរបស់ប្រជាជនហុងកុង ដោយលោក បានលើកឡើងនៅពេលធ្វើដំណើរមក ដល់ព្រលានយន្តហោះហុងកុងថា លោកចង់ឲ្យដែនដីហុងកុងនៅតែស្ថិតក្រោម ប្រព័ន្ធគ្រប់គ្រងតាមបែប “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ប្រកបដោយស្ថិរភាព និងគង់វង្សយូរអង្វែងទៅមុខតទៅទៀត៕ ម៉ែវ សាធី