ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កដឹកខ្សាច់បុកម៉ូតូពីរគ្រឿងដួលទ្រេល ថៅកែមកដល់សង២០ដុល្លារ បើមិនព្រមនគរបាល ចង់យកទៅណាយកទៅព្រោះរ៉ឺម៉កម៉ូតូកញ្ចាស់

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់បើករ៉ឺម៉កដឹកខ្សាច់មួយគ្រឿង ខណៈដែលដឹកធ្ងន់ ចាប់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកម៉ូតូចតស្ងៀមមួយគ្រឿង ហើយបន្តទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួសជាដំណំ។ តែពេលក្រោយកើតហេតុ ថៅកែរ៉ឺម៉កដឹកខ្សាច់បានចេញមុខមកមើលនិង ព្យាយាមគេចវេសមិនទទួលខុសត្រូវ ដោយឲ្យលុយតែ២០ដុល្លារ សម្រាប់សងម៉ូតូរងគ្រោះទាំង២គ្រឿង និងបាននិយាយបែបខែងរ៉ែងថា បើមិនព្រម រ៉ឺម៉កម៉ូតូកញ្ចាស់នេះ ចង់ប៉ូលិសយកទៅណាក៏យកទៅ អត់ខ្វល់ទេ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ខាងកើតរង្វង់មូលចោមចៅ ជាង១០០ម៉ែត្រ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា រ៉ឺម៉កដឹកខ្សាច់ជាម៉ូតូសង់កូរ៉េ ពណ៌ក្រហមកញ្ចាស់ គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ។ ចំណែកម៉ូតូរងគ្រោះ ២គ្រឿង ទី១ ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1K-8308 ជិះគ្នា៣នាក់ ប្តីប្រពន្ធ និងប្អូនថ្លៃស្រីតូចម្នាក់ និង ទី២ ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-1709 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូហុងដា សេ១២៥ ជិះគ្នា៣នាក់ ប្តីប្រពន្ធបានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរកស៊ី ពីលិចទៅកើត។លុះ ដល់ចំណុចខាងលើក៏ឈប់ចតស្ងៀម ដោយសារមានរថយន្តដឹកខ្សាច់មួយគ្រឿង បត់ត្រឡប់ក្រោយកាត់ពីមុខ ហើយពេលនោះ ស្រាប់តែម៉ូតូសណ្តោងរ៉ឺម៉កដឹកខ្សាច់ខាលើ បើកពីលិចទៅកើតស្របទិសគ្នាលឿន មកដល់ វាក់អើ ជាន់ហ្វ្រាំងមិនជាប់ក៏ ជ្រុលទៅបុកម៉ូតូជិះគ្នា៣នាក់ពីក្រោយ បណ្តាលឲ្យដួល រងរបួសធ្ងន់និងស្រាលទាំង៣នាក់ ហើយ រ៉ឺម៉កបានជ្រុលទៅបុកម៉ូតូ ស៊េរី២០១៤ ពីក្រោយ រុញផ្ទប់ទៅរថយន្តមួយគ្រឿងទៀត ។

ក្រោយកើតហេតុ រថយន្តបើកទៅបាត់ សល់តែរ៉ឺម៉កដឹកខ្សាច់ និងម៉ូតូជនរងគ្រោះ ដួលលើចិញ្ចើមផ្លូវ ហើយក្រោយកើតហេតុភ្លាម ថៅកែដេប៉ូសំណង់ មកមើលនិងដោះស្រាយសងលុយតែ២០ដុល្លារទាំងមិនខ្វល់ដល់ម៉ូតូជនរងគ្រោះទាំង២គ្រឿងបានហើយ យកមិនយកអត់ខ្វល់ទេ ដោយយកលេសថា ម៉ូតូរ៉ឺម៉ក កញ្ចាស់ទេ ទោះជាប៉ូលិសយកទៅណាយកទៅ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះទៅនិងដោយភាគីទាំងសងខាងនិយាយគ្នាមិនត្រូវ ទើបនគរបាលសម្រេច យកម៉ូតូទាំង៣គ្រឿង ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ ប្រាថ្នា


ចែករំលែក៖