ភ្នំពេញ: រថយន្តស៊ីនទ្រីបានបើកបុកកិនចំពីលើម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណ:ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងស្របនឹងរថយន្ត កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត មុខផ្សារស្ទឹងមានជយ័ចាស់ក្នុង ភូមិថ្មី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ។
ជនរងគ្រោះ ឈ្មោះ កែវ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់ភូមិភ្នាត សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Icon ពណ៌ផ្ទៃមេឃ ពាក់ស្លាក់លេខ កណ្តាល1M-4144 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុមហ៊ុនស៊ិនទ្រី ដឹកសំរាមពេញលើរថយន្ត ពណ៌លឿង ពុំមានស្លាកលេខ បានបើកគេចពីរ៉ឺម៉កមួយគ្រឿងទៀត ពុំចាំស្លាកលេខហើយបាន ជ្រុលចង្កូតបុកអ្នកជិះម៉ូតូខាងលើបណ្តាលឲ្យដួលម៉ូតូក្រោមរថយន្តអូសប្រហែលជិត១០ម៉ែត្រ ហើយត្រូវរថយន្តកិនចំពីលើបណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីកនិកឯកជន សួគ៌ា។ ចំណែកអ្នកបើកបររថយន្តស៊ិនទ្រីបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចនគរបាលចរាចរខណ្ឌមានជយ័ទៅដល់វាស់វែងនៅកន្លែងកើតហេតុ និងយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា